(ដាក្កា)៖ និស្សិតនៅទូទាំងប្រទេសបង់ក្លាដែសច្រើនជាង ១០០នាក់បានរងរបួស ក្នុងការប៉ះទង្គិចគ្នាមួយ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រវាងក្រុមអ្នកតវ៉ាទាមទារឱ្យបិទបញ្ចប់ប្រព័ន្ធកូតាការងាររដ្ឋាភិបាល និងក្រុមអ្នកមានភក្តីភាព ជាមួយគណបក្សកាន់អំណាច។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ ២០២៤។
នេះគឺការតវ៉ាដ៏ធំលើកដំបូងដែលនាយករដ្ឋមន្ត្រី លោកស្រី Sheikh Hasina ប្រឈមមុខចាប់តាំងពីឈ្នះអាណត្តិទី ៤ ជាប់ៗគ្នា នៅក្នុងការបោះឆ្នោត កាលពីខែមករា។ ការតវ៉ាបានចាប់ផ្តើមនៅដើមខែនេះ បន្ទាប់ពីតុលាការជាន់ខ្ពស់បង់ក្លាដែស បង្គាប់ដល់រដ្ឋាភិបាលឱ្យស្តារឡើងវិញ ប្រព័ន្ធកូតាការងារ៣០% សម្រាប់ចំនួនកូនចៅជំនាន់ក្រោយ របស់ក្រុមអ្នកតស៊ូដើម្បីសេរីភាព។ ការតវ៉ានៅតែបន្ត ទោះបីជាតុលាការផ្អាកការសម្រេចនោះហើយក្តី។
បើតាមប៉ូលិស និងសាក្សី អ្នកតវ៉ាប្រឆាំងកូតាការងាររាប់ពាន់នាក់ ជាមួយសមាជិកក្រុមនិស្សិតនៃគណបក្ស Awami League របស់លោកស្រី Hasina បានគប់ដុំថ្ម និងវាយគ្នាទៅវិញទៅមកដោយដំបង កំណាត់ដែក នៅតាមសាកលវិទ្យាល័យនានា ទូទាំងប្រទេស រួមទាំងនៅក្នុងរដ្ឋធានីដាក្កា (Dhaka) ផងដែរ។ និស្សិតជាច្រើននាក់បានរងរបួស ខណៈក្រុមអ្នកតវ៉ាអំពាវនាវ ឱ្យបន្តការជួបជុំគ្នា និងដង្ហែក្បួននៅទូទាំងប្រទេស ដើម្បីបញ្ជាក់អំពីការចង់បានរបស់ពួកគេ។
គួរបញ្ជាក់ថា ការតវ៉ាមានសកម្មភាពកាន់តែផុសផុលឡើង កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍មុន បន្ទាប់ពីលោកស្រី Hasina បដិសេធបំពេញតាមការទាមទាររបស់ក្រុមអ្នកតវ៉ា ដោយបញ្ជាក់ថា បញ្ហានេះឥឡូវគឺស្ថិតលើការសម្រេចរបស់តុលាការ៕