(តូក្យូ)៖ ទីភ្នាក់ងារប៉ូលិសជាតិនៃប្រទេសជប៉ុន បានចេញសារក្រើនរំលឹកមួយ ដើម្បីធានាថា មានការរក្សាសន្តិសុខរឹងមាំត្រឹមត្រូវ នៅតាមព្រឹត្តិការណ៍សាធារណៈនានា ដែលមានអ្នកនយោបាយចូលរួម ក្រោយករណីបាញ់ប្រហារប៉ងធ្វើឃាតមិនបានសម្រេចលើ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤។
ករណីបាញ់ប្រហារលើលោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន បាននាំមកវិញសាជាថ្មីនៃការចងចាំក្នុងប្រទេសជប៉ុន អំពីករណីបាញ់ប្រហារធ្វើឃាតដ៏គួរឱ្យតក់ស្លុត លើអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក Shinzo Abe។ ការប៉ុនប៉ងសម្លាប់លោក ត្រាំ បានជំរុញឱ្យទីភ្នាក់ងារប៉ូលិសជាតិជប៉ុន ហៅកាត់ NPA ណែនាំទៅកាន់ កងកម្លាំងប៉ូលិសទូទាំងប្រទេស ឱ្យពង្រឹងការធានាសន្តិសុខបន្ថែមទៀត នៅតាមកន្លែងសាធារណនានា ដែលអ្នកនយោបាយត្រូវថ្លែងសុន្ទរកថា។
គួរបញ្ជាក់ថា ជប៉ុនបានបង្កើនចំណាត់ការការពារអ្នកនយោបាយ នៅក្នុងប្រទេសរបស់ខ្លួន ចាប់តាំងពីករណីធ្វើឃាតលោក Abe។ ក្រោយហេតុការណ៍នោះ ប្រមុខទីភ្នាក់ងារ NPA លោក Itaru Nakamura បានសម្រេចលាលែងពីតំណែង ក្រោយទទួលស្គាល់ថា ពិតជាមានចំណុចចន្លោះប្រហោង នៅក្នុងផែនការការពារសន្តិសុខ ហើយនិងការវាយតម្លៃហានិភ័យ។ រយៈពេលមិនដល់មួយឆ្នាំ ក្រោយលោក Abe ត្រូវបានគេធ្វើឃាត ក៏មានករណីគ្រវែងគ្រឿងផ្ទុះសំដៅទៅ នាយករដ្ឋមន្រ្តីជប៉ុន លោក Fumio Kishida ផងដែរ ប៉ុន្តែលោក Kishida មិនបានរងគ្រោះថ្នាក់អ្វីឡើយ៕