(សេអ៊ូល)៖ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូង បានរាយការណ៍នៅថ្ងៃអង្គារនេះថា អ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើងម្នាក់ ដែលឈរជើងនៅប្រទេសគុយបា បាននាំប្រពន្ធនិងកូនរត់មកជ្រកកោន នៅកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំមុន ខណៈវាគឺជាករណីទីពីរ ដែលអ្នកការទូតជាន់ខ្ពស់កូរ៉េខាងជើង បានរត់ចុះចូលជាមួយកូរ៉េខាងត្បូង គិតចាប់តាំងពីឆ្នាំ២០១៦។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ២០២៤។
កាសែតកូរ៉េខាងត្បូង Chosun Ilbo បានរាយការណ៍ថា មុនពេលរត់ភៀសខ្លួនមកកូរ៉េខាងត្បូង លោក Ri Il Kyu អាយុ៥២ឆ្នាំ មានតួនាទីជាទីប្រឹក្សានៅស្ថានទូតកូរ៉េខាងជើងប្រចាំគុយបា។ Chosun Ilbo អះអាងថា ខ្លួនបានធ្វើកិច្ចសម្ភាសផ្ទាល់ជាមួយ លោក Ri។ ចំណែក ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង Yonhap ក៏បានរាយការណ៍ថា លោក Ri បានរត់មកជ្រកកោន នៅកូរ៉េខាងត្បូងផងដែរ ដោយផ្អែកលើប្រភពមិនបញ្ចេញអត្តសញ្ញាណ ក្នុងជួររដ្ឋាភិបាលកូរ៉េខាងត្បូង។
លោក Ri បានធ្វើដំណើរចាកចេញពីប្រទេសគុយបា ជាមួយក្រុមគ្រួសាររបស់លោក។ លោក Ri បាននិយាយដូច្នេះថា «ខ្ញុំបានទិញសំបុត្រយន្តហោះ រួចទូរស័ព្ទប្រាប់ប្រពន្ធនិងកូន អំពីការសម្រេចចិត្តរបស់ខ្ញុំ ពោលគឺ៦ម៉ោង មុនពេលចាកចេញពីគុយបា។ ខ្ញុំមិនបាននិយាយថាកូរ៉េខាងត្បូងឡើយ ដោយត្រឹមថា តោះទៅរស់នៅក្រៅប្រទេស»។
យោងតាមក្រុមសិទ្ធិមនុស្ស និងអ្នកដែលបានរត់មកកូរ៉េខាងត្បូងដោយជោគជ័យ ជនជាតិកូរ៉េខាងជើង ដែលត្រូវចាប់បានថា ព្យាយាមរត់មកជ្រកកោននៅប្រទេសកូរ៉េខាងត្បូង ប្រឈមការដាក់ទោសធ្ងន់ៗ រួមមានទាំងការប្រហារជីវិត។ យោងតាមប្រភពដដែល ជនជាតិកូរ៉េខាងជើង ដែលបានមកជ្រកកោននៅកូរ៉េខាងត្បូង មានចំនួនកាន់តែតិចទៅៗ ក្នុងពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការរឹតត្បិតតឹងរ៉ឹងជាងមុន លើការឆ្លងព្រំប្រទល់ទៅកាន់ប្រទេសចិន និងការឡើងថ្លៃនៃសេវាដែលជួយពួកគេរត់ភៀសខ្លួន។ បើតាម ទិន្នន័យពីរដ្ឋាភិបាលកូរ៉េខាងត្បូង កាលពីឆ្នាំ២០២៣ មានជនជាតិកូរ៉េខាងជើងតែ១៩៦នាក់ប៉ុណ្ណោះ ដែលបានមកដល់ទីក្រុងសេអ៊ូល ធៀបទៅនឹង តួលេខច្រើនរហូតដល់២,៧០០នាក់ កាលពីមួយទសវត្សរ៍មុន។
គួរបញ្ជាក់ថា លើកចុងក្រោយ ដែលមន្រ្តីការទូតជាន់ខ្ពស់កូរ៉េខាងជើង បានរត់ចុះចូលជាមួយកូរ៉េខាងត្បូងបែបនេះ ករណីលោក Tae Yong-ho កាលពីឆ្នាំ២០១៦ ខណៈលោកគឺជាអតីតឯកអគ្គរដ្ឋទូតរងកូរ៉េខាងជើង ប្រចាំនៅចក្រភពអង់គ្លេស៕