(គែរ)៖ ភាគីជម្លោះដែនដីប៉ាឡេស្ទីន រួមមានសមាជិករបស់ហាម៉ាស ក៏ដូចជាមន្ត្រីនៃគណបក្ស Fatah គ្រោងបើកកិច្ចពិភាក្សាគ្នានៅប្រទេសចិន ក្នុងខែកក្កដានេះ ដោយសមាជិកជាន់ខ្ពស់ពីររូបរបស់ហាម៉ាស និងមន្រ្តីបក្ស Fatah បានប្រាប់ Reuters កាលពីថ្ងៃចន្ទសប្តាហ៍នេះថា ពួកគេនឹងព្យាយាមដោះស្រាយបញ្ហាបែកបាក់គ្នាដ៏ស៉ីជម្រៅ។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ ២០២៤។
ភាគីទាំងពីរធ្លាប់ជួបគ្នាម្តងរួចមកហើយ កាលពីខែមេសា ដើម្បីពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងផ្សះផ្សា បញ្ចប់ការបែកបាក់ផ្នែកនយោបាយរយៈពេលប្រហែល ១៧ឆ្នាំ។ ដោយឡែក ជំនួបថ្មីដែលបានគ្រោងឡើងនោះ គឺចំពេលដែលភាពតានតឹងរវាងភាគីទាំងពីរកាន់កើនឡើង ជុំវិញការបន្តធ្វើសង្រ្គាមរបស់ក្រុមហាម៉ាសជាមួយអ៉ីស្រាអែល។ មេដឹកនាំប៉ាឡេស្ទីន លោក Mahmoud Abbas និងជាមេដឹកនាំគណបក្ស Fatah កន្លងមកបានរិះគន់សង្រ្គាមរបស់ក្រុមហាម៉ាស ខណៈដែលក្រុមហាម៉ាសចោទប្រកាន់មេដឹនាំប៉ាឡេស្ទីនរូបនេះថា កាន់ជើងអ៉ីស្រាអែល។
គួរបញ្ជាក់ថា ភាគីធំៗទាំងពីរដែលដឹកនាំដែនដីប៉ាឡេស្ទីន មានជម្លោះនឹងគ្នាចាប់តាំងពីក្រុមហាម៉ាស ទទួលបានជោគជ័យក្នុងការបោះឆ្នោតឆ្នាំ ២០០៦ ហើយចូលគ្រប់គ្រងតំបន់ហ្កាហ្សានៅឆ្នាំ ២០០៧។ កិច្ចខិតខំប្រឹងប្រែងដោយបណ្តាប្រទេសអារ៉ាប់ ដឹកនាំដោយអេហ្ស៉ីប ចាប់តាំងពីពេលនោះមកទល់នឹងពេលនេះ បានបរាជ័យក្នុងការបញ្ចប់ជម្លោះបែងចែកអំណាច រវាងក្រុមហាម៉ាសដែលគ្រប់គ្រងតំបន់ហ្គាហ្សា និងគណបក្ស Fatah របស់លោក Abbas ដែលបង្កើតជាឆ្អឹងខ្នងនៃអាជ្ញាធរប៉ាឡេស្ទីន៕