Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សេវាកម្មរថភ្លើងនៅជាយក្រុងប៉េកាំង ត្រូវផ្អាកបណ្តោះអាសន្ន ខណៈភ្លៀងចាប់ផ្តើមធ្លាក់នៅប៉ែកខាងជើងនៃប្រទេសចិន

16-07-2024 11:36

(ប៉េកាំង)៖ ទីក្រុងប៉េកាំង បានផ្អាកសេវាកម្មរថភ្លើងជាច្រើនខ្សែនៅតំបន់ជាយក្រុងជុំវិញរដ្ឋធានី នាថ្ងៃអង្គារនេះ បន្ទាប់ពីចេញការព្រមានជាមុនសម្រាប់ខ្យល់ព្យុះផ្គររន្ទះ និងទឹកជំនន់ភ្លាមៗ ខណៈដែលភាគខាងជើងរបស់ប្រទេសចិន កំពុងទប់ទល់នឹងអាកាសធាតុចុះត្រជាក់ដោយសារព្យុះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៦ ខែកក្កដា ឆ្នាំ ២០២៤។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ Xinhua រាយការណ៍ថា អាជ្ញាធរចិនបានដាក់ការព្រមានកម្រិតខ្ពស់ពីភ្លៀងខ្លាំងក្លា សម្រាប់តំបន់ភាគខាងជើងប្រទេស ចាប់តាំងពីយប់ថ្ងៃចន្ទមក (ម៉ោងក្នុងតំបន់) ហើយក្រុមការងារបានចាត់វិធានការ ដើម្បីទប់ទល់នឹងឥទ្ធិពលនៃភ្លៀងធ្លាក់ខ្លាំង ដែលកំពុងរំកិលទៅភាគខាងជើងឆ្ពោះទៅកាន់អាងទន្លេ Sichuan និងតំបន់ភាគខាងជើងនៃទន្លេ Huai។

អាជ្ញាធរខេត្ត Henan ភាគកណ្តាល បានប្រកាសពីការត្រៀមខ្លួនក្នុងការឆ្លើយតបបន្ទាន់កម្រិតខ្ពស់ សម្រាប់បញ្ហាទឹកជំនន់ក្នុងទីក្រុង Nanyang នៅព្រឹកថ្ងៃអង្គារ ដោយសារតែទីក្រុងនេះស្ថិតនៅលើដងទន្លេ Bai ដែលជាដៃទន្លេ Han។ ជាមួយគ្នានេះ ភ្នាក់ងារតាមដានអាកាសធាតុក្រុង Shangqiu នៃខេត្ត Henan បានដំឡើងកម្រិតព្រមានរបស់ខ្លួនពីភ្លៀងធ្លាក់ខ្លាំង ដល់កម្រិតខ្ពស់បំផុត។ បើតាមការព្យាករអាកាសធាតុ តំបន់នានាក្នុងខេត្ត Henan, Shandong និង Anhui នឹងឃើញមានភ្លៀងធ្លាក់ខ្លាំង ជាពិសេសមកទល់នឹងយប់ថ្ងៃអង្គារ។

គិតត្រឹមថ្ងៃអង្គានេះ ទឹកទន្លេ Yangtze ដែលជាទន្លេដ៏វែងបំផុតរបស់ប្រទេសចិនក៏កំពុងជន់ឡើង រុញច្រានដល់តំបន់នៃអាងស្តុកទឹកផងដែរ។ អាជ្ញាធរកំពុងពិនិត្យ និងកែសម្រួលការបញ្ចេញទឹកពីទំនប់ Three Gorges ដែលស្ថិតនៅលើទន្លេ Yangtze ដើម្បីកាត់បន្ថយសម្ពាធទឹកជំនន់ ក្នុងខេត្ត Hubei, Hunan, Jiangxi និងខេត្តដទៃទៀតនៅផ្នែកកណ្តាល និងផ្នែកខាងក្រោមនៃទន្លេ។

គួរបញ្ជាក់ថា កាលពីខែមិថុនា ភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ និងបំណាក់ដីនៅទូទាំងភាគខាងត្បូងប្រទេសចិន បានបង្ខំឱ្យអាជ្ញាធរបង្កើនផែនការសង្គ្រោះបន្ទាន់ ខណៈដែលទឹកដែលហក់ឡើងពីទន្លេ បានគំរាមកំហែងដល់ជីវិតមនុស្សរាប់លាននាក់៕