(សេអ៊ូល)៖ កូរ៉េខាងត្បូង នឹងត្រូវប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ សម្រាប់ការបង្ហោះបាឡុងសណ្ដោងខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាង ចូលក្នុងទឹកដីកូរ៉េខាងជើង។ នេះគឺជាការព្រមានរបស់អ្នកនាង គីម យ៉ូជុង ប្អូនស្រីបង្កើតរបស់លោក គីម ជុងអ៊ុន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ការព្រមានខាងលើរបស់អ្នកនាង គីម ត្រូវបានដកស្រង់សម្ដីចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៦ ខែកក្កដានេះ។ បើតាមអ្នកនាង គីម យ៉ាងហោចណាស់ មានបាឡុងចំនួន ២៩គ្រឿងសណ្ដោងខិត្តប័ណ្ណប្រឆាំងទីក្រុងព្យុងយ៉ាងបង្ហោះចេញពីកូរ៉េខាងត្បូងត្រូវបានប្រទះឃើញនៅក្នុងទឹកដីកូរ៉េខាងជើង ដោយបង្កការរំខានដល់ការធ្វើចរាចរក្នុងតំបន់មួយចំនួន និងបង្កផលវិបាកដល់ប្រជាជន។
នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយ KCNA ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានសង្កត់ធ្ងន់ដូច្នេះថា«ទីក្រុងព្យុងយ៉ាងនឹងចាត់វិធានការ ឆ្លើយតប ប្រសិនបើក្រុមមនុស្សសំរាមនៅតែបន្តធ្វើទង្វើបែបនេះដែលជារឿងមិនអាចទទួលយកបាន។ ជាថ្មីម្ដងទៀត ខ្ញុំនឹងសូមព្រមានពួកអ្នកជាថ្មីថាពួកអ្នកនឹងត្រូវ ប្រឈមមុខនឹងផលវិបាកយ៉ាងធ្ងន់ធ្ងរ»។
សូមជម្រាបថា ភាពតានតឹងបានឡើងកម្ដៅខ្លាំងកាលពីខែមិថុនា បន្ទាប់ពីកូរ៉េខាងជើង បានបង្ហោះបាឡុងសណ្ដោងសំរាមរាប់ពាន់គ្រឿង ចូលក្នុងដីកូរ៉េខាងត្បូង ជាការសងសឹកទៅនឹងការបង្ហោះបាឡុងផ្ទុកខិត្តប័ណ្ណរិះគន់របបដឹកនាំលោក គីម ជុងអ៊ុន ចូលដីកូរ៉េខាងជើង ពីសំណាក់ក្រុមសកម្មជនក្នុងប្រទេសកូរ៉េខាងត្បូង៕