(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី កាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា បានប្រកាសថាលោកមានផែនការមួយត្រៀមរួចជាស្រេច ដើម្បីរៀបចំ កិច្ចប្រជុំកំពូលលើកទី២ ស្ដីពីផែនការរបស់លោកសម្រាប់សន្តិភាពអ៊ុយក្រែន នៅខែវិច្ឆិកាខាងមុខ ដោយលើកនេះលោកផ្ទាល់បាននិយាយថាអ្នកតំណាងរបស់រុស្ស៉ី គួរតែមានវត្តមានចូលរួមដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
អ៊ុយក្រែន កាលពីខែមិថុនាកន្លងទៅ បានរៀបចំកិច្ចប្រជុំកំពូលលើកទី១ ស្ដីពីសន្តិភាពអ៊ុយក្រែន កាលពីខែមិថុនា ក្នុងប្រទេសស្វីស ដោយមានការចូលរួមពីប្រទេស ចំនួន ៩២។ តែរុស្ស៉ីដែលបានលើកទ័ពឈ្លានពានចូលអ៊ុយក្រែនកាលពីឆ្នាំ២០២២មក មិនត្រូវបានអញ្ជើញឱ្យចូលរួមនោះទេ។ នៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងកៀវ លោក ហ្សេលេនស្គី បានកត់សម្គាល់ថា «ខ្ញុំបានកំណត់គោលដៅថានៅខែវិច្ឆិកាខាងមុខ យើងនឹងមានផែនការមួយយ៉ាងពេញលេញត្រៀមរួចរាល់ ហើយខ្ញុំគិតថាអ្នកតំណាងរបស់រុស្ស៉ីគួរតែមានវត្តមាននៅឯកិច្ចប្រជុំកំពូលើកទី២»។
គួរបញ្ជាក់ថា លោក ហ្សេលេនស្គី ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីបានធ្វើមាតុភូមិនិវត្តន៍ពីការចូលរួមកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោនកាលពី សប្ដាហ៍មុន។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Matthew Miller បានឱ្យដឹងថាក្រុមមន្ត្រីអាមេរិកក៏បានពិភាក្សាពីលទ្ធភាពក្នុងការរៀបចំកិច្ចចរចាការទូត ជាមួយលោក ហ្សេលេនស្គីផងដែរ តែនិយាយថាការសម្រេចចិត្តយ៉ាងណាលើកិច្ចចរចាសន្តិភាពគឺអាស្រ័យលើអ៊ុយក្រែនខ្លួនឯង៕