(Milwaukee សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance ឬ James David Vance ជាបេក្ខជនអនុប្រធានាធិបតីរបស់លោក ខណៈរូបលោកផ្ទាល់ត្រូវបានគណបក្សសាធារណរដ្ឋតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការរបស់បក្ស ដើម្បីចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាមួយលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រោយក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋជាផ្លូវការ លោក ត្រាំ ប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance មានអាយុ ៣៩ឆ្នាំជាបេក្ខជនអនុប្រធានាធិបតីរបស់លោក។ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅបន្ទាប់ពីការពិចារណា និងគិតគូយ៉ាងយូរពីទេពកោសល្យរបស់មនុស្សជាច្រើននាក់ ខ្ញុំបានសម្រេចចិត្តថាមនុស្សម្នាក់ដែល ស័ក្តិសមនឹងកាន់តំណែងជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នោះគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance»។
ការប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីធ្វើឡើងនៅឯសមាជជាតិរបស់គណបក្សសាធារណរដ្ឋដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។
* តើលោក J.D. Vance ជានរណា?
លោក J.D. Vance មានអាយុ ៣៩ឆ្នាំ កើត និងធំដឹងក្ដីក្នុងទីក្រុង Middletown រដ្ឋ Ohio។ លោក Vance បានចូលបម្រើការក្នុងកងកម្លាំងម៉ារីនអាមេរិក និងធ្លាប់ចូលរួមបេសកកម្មក្នុងប្រទេសអ៉ីរ៉ាក់។ លោកបានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យរដ្ឋ Ohio State University និងពីសាលាច្បាប់ Yale Law School។ លោកក៏ធ្លាប់បម្រើការជាអ្នកវិនិយោគមូលធនក្នុងតំបន់ Silicon Valley ផងដែរ។ លោក Vance ចាប់ផ្ដើមមានកេរ្តិ៍ឈ្មោះក្រោយលោកចេញផ្សាយ សៀវភៅមួយក្បាលមួយចំណងជើងថា «Hillbilly Elegy» កាលពីឆ្នាំ២០១៦ ពោលក្នុងឆ្នាំតែមួយដែលលោក ត្រាំ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ជាលើកដំបូង។
ក្រោយលោក ដូណាល់ ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ក្នុងឆ្នាំ២០១៦ លោក Vance បានត្រឡប់ទៅកាន់រដ្ឋ Ohio ហើយបានបង្កើតអង្គការមួយ ប្រឆាំងនឹងអាភៀន។ លោកធ្លាប់ត្រូវបានគេអញ្ជើញជាភ្ញៀវកិត្តិយសក្នុងទិវា Republican Lincoln Day របស់គណបក្សសាធារណរដ្ឋជាទីដែលប្រវត្តិតស៊ូ ដ៏លំបាករបស់លោក រួមទាំងមានម្ដាយជាអ្នកញៀនថ្នាំត្រូវបានលាតត្រដាង។ លោក Vance បានឈានជើងចូលឆាកនយោបាយក្នុងឆ្នាំ២០២១ ក្នុងពេលមួយ ដែលលោកព្យាយាមស្វែងរកការឈរឈ្មោះដណ្ដើមកៅអីព្រឹទ្ធសភានៅទំនេរ បន្ទាប់ពីសមាជិកព្រឹទ្ធសភាបក្សសាធារណរដ្ឋលោក Rob Portman ចូលនិវត្តន៍។
លោក Vance បានក្លាយជាសមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋប្រចាំរដ្ឋ Ohio នៅខែមករា ឆ្នាំ២០២៣។ លោក Vance ធ្លាប់ជាមនុស្សម្នាក់រិះគន់ លោក ត្រាំ ហើយថែមទាំងធ្លាប់ប្រៀបប្រដូចលោក ត្រាំ ជាមួយ Adolf Hitler ទៀតផង។ តែក្រោយមក បែរជាអាចក្លាយជាមិត្តដ៏ស្មោះត្រង់ម្នាក់របស់លោក ត្រាំ។ ការតែងតាំងលោក Vance ជាមនុស្សក្នុងជំនាន់ millennial ធ្វើឡើងចំពេលមានការព្រួយបារម្ភពីវ័យកាន់តែចំណាស់របស់លោក ត្រាំ។
លោក Vance បានរៀបការជាមួយលោកស្រី Usha Vance និងមានកូនចំនួន៣នាក់មានឈ្មោះ Ewan, Vivek និង Mirabel៕