(Milwaukee សហរដ្ឋអាមេរិក)៖ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance ជាបេក្ខជនអនុប្រធានាធិបតីរបស់លោក ខណៈរូបលោកផ្ទាល់ត្រូវបានគណបក្សសាធារណរដ្ឋតែងតាំងជាបេក្ខជនប្រធានាធិបតីជាផ្លូវការរបស់បក្ស ដើម្បី ចូលរួមប្រកួតប្រជែងយកតំណែងប្រធានាធិបតីអាមេរិកជាមួយលោក ចូ បៃដិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រោយក្លាយជាបេក្ខជនប្រធានាធិបតីតំណាងឱ្យគណបក្សសាធារណរដ្ឋជាផ្លូវការ លោក ត្រាំ ប្រកាសជ្រើសរើសសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance មានអាយុ ៣៩ឆ្នាំជាបេក្ខជនអនុប្រធានាធិបតីរបស់លោក។ ក្នុងសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម Truth Social លោក ត្រាំ បានគូសបញ្ជាក់ដូច្នេះថា «នៅបន្ទាប់ពីការពិចារណា និងគិតគូយ៉ាងយូរពីទេពកោសល្យរបស់មនុស្សជាច្រើននាក់ ខ្ញុំបានសម្រេចចិត្តថាមនុស្សម្នាក់ដែល ស័ក្តិសមនឹងកាន់តំណែងជាអនុប្រធានាធិបតីរបស់សហរដ្ឋអាមេរិក នោះគឺសមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Ohio លោក J.D. Vance»។
ការប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីធ្វើឡើងនៅឯសមាជជាតិរបស់គណបក្សសាធារណរដ្ឋដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។
នៅសមាជបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មានអាយុ ៧៨ឆ្នាំ ត្រូវបានទទួលស្វាគមន៍ប្រៀបដូចជាវីរបុរសម្នាក់ និងក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សសាធារណរដ្ឋ តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោកបានគេចផុតពីការប៉ុនប៉ងធ្វើឃាត អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា៕