(Milwaukee សហរដ្ឋអាមេរិក)៖ គណបក្សសាធារណរដ្ឋ កាលពីថ្ងៃចន្ទ ទី១៥ ខែកក្កដា​ (ម៉ោងនៅសហរដ្ឋអាមេរិក) បានប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីរបស់ខ្លួនជាផ្លូវការ ដើម្បីប្រកួតប្រជែងជាមួយលោក ចូ បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។ នេះបើ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

ការប្រកាសតែងតាំងលោក ដូណាល់ ត្រាំ ជាបេក្ខជនប្រធានាធិបតីធ្វើឡើងនៅឯសមាជជាតិរបស់គណបក្សសាធារណរដ្ឋដែលកំពុងប្រព្រឹត្តទៅក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដា។ ការតែងតាំងនេះទៀតសោត មិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលអ្វីនោះទេ ពីព្រោះប្រតិភូរបស់ បក្សសាធារណរដ្ឋភាគច្រើនលើសលុបបានសន្យាគាំទ្រលោក ត្រាំ រួចជាស្រេចទៅហើយ បន្ទាប់ពីលោកបានឈ្នះក្នុងការបោះឆ្នោតបឋម។

គួរបញ្ជាក់ថា នៅសមាជបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ មានអាយុ ៧៨ឆ្នាំ ត្រូវបានទទួលស្វាគមន៍ប្រៀបដូចជាវីរបុរសម្នាក់ និងក្លាយជាបេក្ខជនប្រធានាធិបតី តំណាងឱ្យគណបក្សសាធារណរដ្ឋ តែ២ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរូបលោកបានគេចផុតពីការប៉ុនប៉ងធ្វើឃាត អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា៕