(នីហ្សេរីយ៉ា)៖ អគារសាលារៀនពីរជាន់មួយខ្នង នៅកណ្តាលរដ្ឋ Plateau នៃប្រទេសនីហ្សេរីយ៉ា បានដួលរលំយ៉ាងអាណោចអាធ័ម បណ្តាលឱ្យសិស្សានុសិស្សចំនួន ២២នាក់ស្លាប់ និងមនុស្សជាច្រើននាក់ទៀតរងរបួស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

ក្រុមអ្នកជួយសង្គ្រោះបានធ្វើការស្វះស្វែងជាច្រើនម៉ោង ដើម្បីជួយសង្គ្រោះអ្នកដែលជាប់គាំងនៅក្រោមគំនរបាក់បែក។ មនុស្សជាង ១០០នាក់ត្រូវបានជួយសង្គ្រោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ ខណៈដែលអ្នកខ្លះទៀតនៅតែបន្តស្វែងរក។

មូលហេតុនៃការដួលរលំនៅមិនទាន់ដឹងនៅឡើយទេ ប៉ុន្តែការស៊ើបអង្កេតបឋមបានបង្ហាញថា អគារនេះមានសភាពចាស់ទ្រុឌទ្រោម និងសាងសង់ដោយគ្មានគុណភាព។

គួរបញ្ជាក់ថា ការដួលរលំអគារជារឿងធម្មតានៅក្នុងប្រទេសនីហ្សេរីយ៉ា ដោយសារតែការអនុវត្តស្តង់ដារសុវត្ថិភាពមិនតឹងរ៉ឹង និងការប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពទាប៕