(គៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសពីផែនការរៀបចំកិច្ចប្រជុំកំពូលអន្តរជាតិលើកទីពីរស្តីពីសន្តិភាពអ៊ុយក្រែននៅក្នុងខែវិច្ឆិកា ហើយបានសង្កត់ធ្ងន់ថា រុស្ស៊ីគួរតែចូលរួមកិច្ចប្រជុំនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

កិច្ចប្រជុំកំពូលលើកដំបូងដែលធ្វើឡើងនៅប្រទេសស្វីសកាលពីខែមុន មានប្រទេសចំនួន៩២ប្រទេសចូលរួម ប៉ុន្តែមិនមានរុស្ស៊ីទេ។ មន្ត្រីអ៊ុយក្រែនបានលើកឡើងពីមុន អំពីលទ្ធភាពនៃការអញ្ជើញរុស្ស៊ីឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលបន្ទាប់ ប៉ុន្តែរុស្ស៊ីបានបដិសេធជាស្រេចចំពោះការអញ្ជើញនេះ។ ទោះជាយ៉ាងណាក៏ដោយ វិមានក្រឹមឡាំងក៏មិនបានបដិសេធទាំងស្រុង នូវគំនិតនៃកិច្ចប្រជុំកំពូលលើកទីពីរនោះទេ។

កិច្ចប្រជុំកំពូលលើកដំបូងបានផ្តោតលើចំណុច៣ ក្នុងចំណោម ១០ចំណុចនៃ «រូបមន្តសន្តិភាព» របស់ លោក Zelenskiy រួមមានសន្តិសុខស្បៀងអាហារ សុវត្ថិភាពនុយក្លេអ៊ែរ និងការដោះលែងអ្នកទោសសង្រ្គាម និងកុមារ។ កិច្ចប្រជុំកំពូលលើកទីពីរត្រូវបានគេរំពឹងថា នឹងពិភាក្សាអំពីផែនការដែលបានរៀបចំទុកជាមុន ដោយប្រទេសរាប់សិបដែលបែងចែកជាក្រុមការងារ។

លោក Zelenskiy បានបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការរៀបចំផែនការសម្រាប់កិច្ចប្រជុំកំពូលនៅក្នុងខែវិច្ឆិកា ហើយបានលើកឡើងពីការជួបប្រជុំគ្នារបស់ក្រុមមន្ត្រីនាពេលខាងមុខនៅប្រទេសកាតា តួកគី និងកាណាដា ដើម្បីរៀបចំគោលជំហរលើបញ្ហាសំខាន់ៗឱ្យបានរួចស្រេច មុនកិច្ចប្រជុំឈានមកដល់៕