(វ៉ាស៊ីនតោន)៖ លោក ដូណាល់ ត្រាំ នៅតែមានភាពឆ្លាតវៃ បើទោះជាលោកស្ថិតក្នុងស្ថានការណ៍គ្រោះថ្នាក់ក៏ដោយ។ កងការពារ Secret Service បានជំរុញឱ្យលោកភៀសខ្លួនចុះពីលើវេទិកា នៅបន្ទាប់ពីគ្រាប់កំាភ្លើងមួយគ្រាប់របស់ខ្មាន់កាំភ្លើងហោះប៊ិះត្រូវក្បាលរបស់លោក និងធ្វើឱ្យលោករបួសត្រង់ស្លឹកត្រចៀកខាងស្ដាំ។ ប៉ុន្តែ លោក ត្រាំ ដែលមានឈាមប្រឡាក់លើផ្ទៃមុខ មិនបាន បណ្ដោយឱ្យឱកាសល្អកន្លងផុតទៅនោះទេ។ លោកបានប្រឹងប្រវេប្រវានៅក្នុងរង្វង់ដៃកងអង្គរក្ស និងបានលើកក្ដាប់ដៃស្ដាំលើកឡើងលើ ព្រមទាំងស្រែកទៅកាន់អ្នកគាំទ្រនៅឯ យុទ្ធនាការឃោសបោះឆ្នោតក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដាថា «ប្រយុទ្ធ ប្រយុទ្ធ»។

រូបភាពដែលលោក ដូណាល់ ត្រាំ ក្ដាប់ដៃស្ដាំលើកឡើងលើនេះត្រូវបានចុះផ្សាយយ៉ាងព្រោងព្រាតនៅតាមក្របទំព័រមុខនៃសារព័ត៌មានអន្តរជាតិធំៗ និងត្រូវបានចែករំលែកលើ បណ្ដាញទំនាក់ទំនងសង្គម។ ភ្លាមៗនោះមេដឹកនាំគណបក្សសាធារណរដ្ឋបានចេញមុខបង្ហាញការគាំទ្រចំពោះលោក ត្រាំ ហើយសូម្បីតែមហាសេដ្ឋីអាមេរិកដូចជាលោក Bill Ackman និងលោក Elon Musk ក៏បានចេញមុខប្រកាសគាំទ្រលោក ត្រាំ ជាសាធារណៈក្នុងការប្រកួតប្រជែងយកតំណែងជាប្រធានាធិបតី តទល់ជាមួយលោក ចូ បៃដិន ខណៈអ្នកបោះឆ្នោតដែលមិនទាន់បាន សម្រេចថាតើត្រូវបោះឱ្យនរណា ក៏ប្រហែលជាអាចដូរចិត្តបោះឱ្យលោក ត្រាំ ផងដែរ។

លោក Matthew Wilson ជាសាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយមកពីសាកលវិទ្យាល័យ Southern Methodist University យល់ថារូបភាពបង្ហាញពីភាពក្លាហានរបស់លោក ដូណាល់ ត្រាំ ជាមួយឈាមប្រឡាក់លើផ្ទៃមុខ និងការក្ដាប់ដៃលើកឡើងលើ គឺជាការផ្សព្វផ្សាយពាណិជ្ជកម្មមួយដ៏ប៉ិនប្រសប់ ដែលអាចនឹងជួយលោក ដូណាល់ ត្រាំ យ៉ាងហោចណាស់ក៏មួយរយៈពេលដែរ នៅក្នុងចំណោមអ្នកបោះឆ្នោតដែលមិនទាន់សម្រេចចិត្តបោះឱ្យនរណា។ តាមពិតទៅ មុនមានការប៉ុនប៉ងធ្វើឃាតលើរូបលោក លោក ត្រាំ បានប្រឈមមុខនឹងព្រឹត្តិការណ៍ជាច្រើនដែលសុទ្ធតែ បំផ្លាញមហិច្ឆតានយោបាយចង់ក្លាយជាប្រធានាធិបតីអាមេរិកសាជាថ្មី ក្នុងការបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកាខាងមុខ។

តួយ៉ាង កាលពីឆ្នាំ២០២១ លោក ត្រាំ បានដើរចេញពីសេតវិមានដោយបន្សល់ទុកនូវភាពចម្រូងចម្រាស ក្រោយក្រុមអ្នកគាំទ្ររបស់លោកបានសម្រុកចូលអុកឡុកវិមាន Capitol កាលពីថ្ងៃទី៦ ខែមករា ដើម្បីរារាំងការប្រកាសជ័យជម្នះរបស់លោក ចូ បៃដិន ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០។ ចូលដល់ខែសីហា ឆ្នាំ២០២២ ប៉ូលិស FBI បានចុះឆែកឆេរភូមិគ្រឹះ Mar-a-Lago របស់លោក ក្រោម ក្របខណ្ឌនៃការស៊ើបអង្កេតជុំវិញការចោទប្រកាន់ថាលោក ត្រាំបានលាក់ទុកឯកសារសម្ងាត់ជាតិ ក្រោយចុះចេញពីតំណែង។ នៅឆ្នាំ២០២៣ ចៅក្រមក្រុងញូវយ៉កម្នាក់បានរកឃើញថា លោក ត្រាំ បានបៀតបៀនផ្លូវភេទលើអ្នកនិពន្ធម្នាក់ គឺលោកស្រី E. Jean Carroll និងបានបង្គាប់ឱ្យលោកសងជំងឺចិត្ត ៥លានដុល្លារ។ ក្នុងខែមករា ឆ្នាំដដែល លោក ត្រាំ ត្រូវបានចៅក្រមបង្គាប់ឱ្យបង់ប្រាក់ ៨០លានដុល្លារដល់អ្នកនិពន្ធរូបនោះពីបទបរិហារកេរ្តិ៍។ លើសពីនេះទៅទៀត កាលពីជាង៦សប្ដាហ៍កន្លងទៅនេះ លោក ត្រាំ ត្រូវបានតុលាការរកឃើញថាមានពិរុទ្ធលើបទចោទព្រហ្មទណ្ឌចំនួន ៣៤បទចោទ ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសាររកស៊ី ដើម្បីសូកលុយបំបិទមាត់អតីតតារាថតកុនកូនជ្រូកម្នាក់កុំឱ្យនិយាយពីរឿងអាស្រូវផ្លូវភេទរវាងអ្នកទាំង២។

ក៏ប៉ុន្តែ ឧបទ្ទវហេតុនៅឯទីក្រុង Butler រដ្ឋ Pennsylvania បានបង្ហាញពីភាពប៉ិនប្រសប់របស់លោក ត្រាំ ក្នុងការប្រែ «គ្រោះទៅជាលាភ»។ ការប៉ុនប៉ងធ្វើឃាតមិនបានសម្រេច បានជួយពង្រឹងឥទ្ធិពល របស់លោក ត្រាំ នៅក្នុងគណបក្សសាធារណរដ្ឋ ដែលត្រៀមប្រកាសតែងតាំងរូបលោកជាបេក្ខជនប្រធានាធិបតីជាផ្លូវការ នៅឯសមាជជាតិរបស់បក្ស ចាប់ផ្ដើមពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដានេះ ក្នុងរដ្ឋ Wisconsin។ ព្រមពេលជាគ្នាលោក បៃដិន វិញបែរជាកំពុងប្រឈមមុខនឹងការទាមទាមពីសំណាក់មន្ត្រីជាន់ខ្ពស់ ក្នុងបក្សប្រជាធិបតេយ្យកាន់តែច្រើនឡើងឱ្យរូបលោកដកខ្លួនពីការប្រកួតដើម្បី ទុកកន្លែងឱ្យអ្នកផ្សេង។ បើតាមទិន្នន័យពីស្ថាប័ន PredictIt នៅបន្ទាប់ពីមានការបាញ់ប្រហារកាលពីថ្ងៃសៅរ៍ ថ្ងៃទី១៣ ខែកក្កដា ឱកាសឈ្នះនៅក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិករបស់លោក ត្រាំ បានកើនឡើងគួរឱ្យកត់សម្គាល់។

គួរបញ្ជាក់ថា លោក ដូណាល់ ត្រាំ បានក្ដាប់ឱកាសប្រមូលយកក្ដីអាណិតសូរពីប្រជាជនអាមេរិក រួមទាំងក្រុមអ្នកឧបត្ថម្ភ។ កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែកក្កដា លោក ត្រាំ បានហៅទូរស័ព្ទទៅកាន់ ក្រុមអ្នកឧបត្ថម្ភដល់យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ដើម្បីធ្វើបច្ចុប្បន្នភាពពីស្ថានភាពរបស់លោក។ ប៉ុន្មានម៉ោងក្រោយ លោកបានប្រកាសថាលោកនឹងទៅចូលរួមសមាជជាតិរបស់ គណបក្សសាធារណរដ្ឋ ក្នុងទីក្រុង Milwaukee រដ្ឋ Wisconsin តាមការគ្រោងទុក ជាមួយការបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមថា «ខ្ញុំនឹងមិនអនុញ្ញាតឱ្យខ្មាន់កាំភ្លើងម្នាក់ ឬឃាតកណាម្នាក់ បង្ខំឱ្យខ្ញុំប្ដូរកាលវិភាគបានឡើយ»។ លោក Darrell Scott ដែលជាទីប្រឹក្សាក្រៅផ្លូវការនៃក្រុមយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានកត់សម្គាល់ថាលោក ត្រាំ នឹងទទួលបានការអាណិតសូរ និងការយល់ចិត្តកាន់តែច្រើនពីប្រជាជនអាមេរិក ពីព្រោះមនុស្សគ្រប់គ្នាដឹងយ៉ាងច្បាស់ថា ការប៉ុនប៉ងធ្វើឃាតគឺជារឿងមិនត្រឹមត្រូវ។

តែទោះជាយ៉ាងណាក៏ដោយ ការប៉ុនប៉ងធ្វើឃាតលើលោក ដូណាល់ ត្រាំ ត្រូវបានក្រុមអ្នកវិភាគមើលឃើញថាជាសញ្ញាមួយបង្ហាញពីហានិភ័យនៃការកើនឡើងអំពើហិង្សាខាងនយោបាយ និងការបែកបាក់ កាន់តែជ្រៅក្នុងនយោបាយរបស់សហរដ្ឋអាមេរិក។ ភាពតានតឹងផ្នែកនយោបាយបានឡើងកម្ដៅក្នុងសហរដ្ឋអាមេរិក នៅមុនការបោះឆ្នោតខែវិច្ឆិកាមកដល់ ដោយក្នុងនោះសង្រ្គាមពាក្យសម្ដីបានចេញពី មាត់របស់លោក បៃដិន និងលោក ត្រាំ ផ្ទាល់តែម្ដង។ លោក ត្រាំ ធ្លាប់បានអំពាវនាវឱ្យអ្នកគាំទ្ររបស់ការពារសន្លឹកឆ្នោត ក្នុងសេចក្ដីថ្លែងការណ៍មួយ កាលពីឆ្នាំ២០២៣។ ចំណែក លោក បៃដិនវិញ បានចោទប្រកាន់លោក ត្រាំថាបានបង្កការគំរាមកំហែងដល់ប្រជាធិបតេយ្យអាមេរិក។

មកទល់នឹងពេលនេះ​ ចេតនាប៉ុនប៉ងធ្វើឃាតលោក ត្រាំ របស់ខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks មានអាយុ២០ឆ្នាំដែលត្រូវបានបាញ់សម្លាប់នៅកន្លែង កំពុងស្ថិតនៅក្រោមការស៊ើបអង្កេត នៅឡើយ។ ការប៉នធ្វើឃាតនេះក៏ត្រូវបានក្រុមអ្នកវិភាគខ្លះជឿដែរថាអាចនឹងបង្កើនហានិភ័យនៃការធ្វើបាតុកម្មតវ៉ា និងការវាយប្រហារបង្កប់នូវចេតនានយោបាយក្នុងរយៈពេលខ្លី ជាពិសេសអំឡុង ការផ្ទុះរាលដាលនៃការសន្និដ្ឋានគ្មានមូលដ្ឋានពាក់ព័ន្ធនឹងការបាញ់ប្រហារលើលោក ត្រាំ៕