(អ៊ីស្លាម៉ាបាដ)៖ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានប្រកាសនៅថ្ងៃចន្ទនេះថា ប្រទេសប៉ាគីស្ថានមានគម្រោងហាមឃាត់គណបក្ស Tehreek-e-Insaf (PTI) របស់អតីតនាយករដ្ឋមន្ត្រី Imran Khan។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។
លោក Attaullah Tarar បានពន្យល់ថា ការសម្រេចចិត្តនេះគឺផ្អែកលើកត្តាជាច្រើន រួមទាំងការចោទប្រកាន់ថា PTI របស់ លោក Khan ទទួលបានមូលនិធិពីបរទេសដោយខុសច្បាប់ និងការបះបោរដោយថ្នាក់ដឹកនាំ និងអ្នកគាំទ្រគណបក្សកាលពីឆ្នាំមុនដែលមានគោលដៅវាយប្រហារទៅលើយោធា។
លោក Tarar បានបញ្ជាក់ថា «រដ្ឋាភិបាលសហព័ន្ធនឹងដាក់ពាក្យស្នើសុំហាមឃាត់គណបក្ស Tehreek-e-Insaaf» ដោយបញ្ជាក់ថារឿងនេះនឹងត្រូវដាក់ជូនគណៈរដ្ឋមន្ត្រី និងតុលាការកំពូលប្រសិនបើចាំបាច់។
ការសម្រេចចិត្តនេះកើតឡើង បន្ទាប់ពីតុលាការកំពូលបានសម្រេចកាលពីថ្ងៃសុក្រថា គណបក្ស PTI មានសិទ្ធិទទួលបានអាសនៈបម្រុងជាង២០នៅក្នុងសភា។ ទោះជាយ៉ាងណាក៏ដោយ មិនទាន់មានការបញ្ជាក់ច្បាស់លាស់នៅឡើយទេថា តើការហាមឃាត់ដែលគ្រោងទុកនេះ នឹងមានផលប៉ះពាល់អ្វីខ្លះដល់ការសម្រេចចិត្តរបស់តុលាការ ក្នុងការផ្តល់អាសនៈបម្រុងនោះទេ។
គួរបញ្ជាក់ថា លោក Khan ត្រូវបានដោះលែងកាលពីថ្ងៃសៅរ៍រួមជាមួយប្រពន្ធទីបីរបស់គាត់ បន្ទាប់ពីជាប់ពន្ធនាគារតាំងពីខែសីហា ដោយចោទប្រកាន់ពីបទរៀបការខុសច្បាប់ ប៉ុន្តែត្រូវបានចាប់ខ្លួនឡើងវិញភ្លាមៗ ដោយសារដីកាចាប់ខ្លួនថ្មី៕