(វ៉ាស៉ីនតោន)៖ ក្រុម FBI កំពុងដឹកនាំធ្វើការស៊ើបអង្កេត ដើម្បីរកមូលហេតុជាប់ពាក់ព័ន្ធនឹង អំពើធ្វើឃាតមិនបានសម្រេចមួយ ដាក់ទៅលើលោក ដូណាល់ ត្រាំ។ ក្រុមអ្នកនយោបាយ បានថ្លែងបន្ទោសដាក់ទៅលើក្រុមធ្វើនយោបាយឃោសនា របស់លោក ចូ បៃដិន នូវការប្រើប្រាស់វោហាសាស្ត្រដែលគេបានគិតថាវាដើមចមនៃការនាំឱ្យមានហេតុការណ៍ប៉ុនប៉ងធ្វើឃាត មិនបានសម្រេចលើបេក្ខជនប្រធានាធិបតី លោក ដូណាល់ ត្រាំ។
មូលហេតុដែលនាំឱ្យខ្មាន់កាំភ្លើង ធ្វើការបាញ់ប្រហារដាក់ទៅលើអតីតប្រធានាធិបតីអាមេរិក លោក Donald Trump នៅក្នុងរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ នៅមិនទាន់មានការរកឃើញការជាប់ពាក់ព័ន្ធដល់មនុស្សដទៃឡើយ ប៉ុន្តែអំពើបាញ់ប្រហារនេះបានកើតឡើងក្នុងរង្វង់ពេលដែលមានភាពរំជើបរំជួល និងកំហឹងនយោបាយក្នុងប្រទេសមួយ ដែលពលរដ្ឋមានទស្សនៈនយោបាយផ្សេងពីគ្នា ក្នុងពេលកំពុងឈានរកការបោះឆ្នោតប្រធានាធិបតីថ្មី។
ខ្មាន់កាំភ្លើងដែលបានបាញ់ដាក់មកលើលោក ដូណាល់ ត្រាំ និងត្រូវបានក្រុមមន្ត្រីសម្ងាត់អាមេរិកបានបាញ់សម្លាប់ក្នុងពេលនោះវិញ គឺជាយុវជនអាយុ២០ឆ្នាំម្នាក់ឈ្មោះ Thomas Matthew Crooks ដែលជាមនុស្សធ្វើកិច្ចការយ៉ាងសាមញ្ញម្នាក់នៅក្នុងទីភូមិកំណើតរស់នៅក្នុងរដ្ឋ Pennsylvania ដែលជាកន្លែងយុវជនរូបនោះបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាបត្រ កម្រិតទី២ ក្នុងឆ្នាំ២០២២ និងក៏ជាអតីតសិស្សសាលាម្នាក់ ដែលមានប្រវត្តិជាសិស្សល្អ និងក៏មានកេរ្តិ៍ឈ្មោះល្អថែមទៀត។
Thomas Matthew Crooks ក្នុងហេតុការណ៍ដែលបានកើតឡើង នារសៀលថ្ងៃសៅរ៍ទី១៣ ខែកក្កដា ឆ្នាំ២០២៤ បានលួចចូលដោយស្ងាត់ៗទៅក្នុងទីតាំងលើដំបូលដ៏ខ្ពស់មួយចម្ងាយប្រមាណ១៤០ម៉ែត្រពីកន្លែង ដែលលោក ដូណាល់ ត្រាំ ឈរថ្លែងសុន្ទរកថាក្នុងពិធីជួបជុំសមាជិកអ្នកគាំទ្ររបស់លោកក្នុងក្រុង Butler នៃរដ្ឋ Pennsylvani។ យុវជនរូបនោះបានយកកាំភ្លើងវែង AR-15 ដែលអាជ្ញាធរបញ្ជាក់ថា គឺជាអាវុធទិញដោយឪពុករបស់យុវជន Thomas Matthew Crooks នោះ។
គ្រាប់កាំភ្លើងបាញ់របស់យុវជនសង្ស័យជាឃាតករនោះ បានហោះទម្លុះអាកាសប៉ុនប៉ងសំដៅតម្រង់មកចំក្បាលរបស់ លោក ដូណាល់ ត្រាំ ខណៈលោក ដូណាល់ ត្រាំ ពាក់មួកក្រហមក្នុងពេលថ្លែងនោះត្រូវគេឃើញបានបំបែរក្បាលរបស់លោក ងាកមកខាងឆ្វេងសម្លឹងមករកអ្នកគាំទ្រនោះ គ្រាប់បានហោះមកចំលើត្រចៀកខាងស្តាំ ដែលជួយធ្វើឱ្យជីវិតរបស់លោក បានរួចផុតពីសេចក្តីស្លាប់ ដោយគ្រាប់នោះបានធ្វើឱ្យស្បែករបស់លោករលាត់ហូរចេញឈាម។
នៅក្នុងហេតុការណ៍មុនការផ្ទុះអាវុធនោះទៀត ខណៈលោក ដូណាល់ ត្រាំ កំពុងតែនិយាយគេបានឮមនុស្សម្នាក់ក្នុងរង្វង់ទស្សនិកជនគាំទ្រ ដែលស្រែកខ្លាំងៗថាមាន «មនុស្សកាន់កាំភ្លើង» និងក៏មានការស្រែកបន្តទៀតថា «មានមនុស្សកាន់កាំភ្លើង ស្ថិតនៅលើដំបូលផ្ទះ» ដែលនៅពេលនោះខ្មាន់កាំភ្លើងបានបាញ់ចំនួនបីគ្រាប់រួចទៅហើយ។
ក្នុងពេលនោះទៀត គឺម៉ោង ៦៖១១នាទី និង៣៣វិនាទី ដែលពេលនោះ លោក ដូណាល់ ត្រូវគេឃើញយកដៃខ្ទប់លើត្រចៀកខាងស្តាំ ក្រោយគ្រាប់បានហោះជ្រិះនឹងស្បែកលើស្លឹកត្រចៀក។ លោកបានឱនចុះក្រោមក្បែរតុវេទិកា ខណៈហ្វូងមនុស្សបានស្រែកផ្អើលឆោឡោ និងក្រុមមន្ត្រីសម្ងាត់អាមេរិកច្រើននាក់ ដែលការពាររូបលោកត្រូវគេឃើញ បានស្ទុះចេញមកឱបការពារជុំវិញរូបលោក ក្នុងពេលស្នូរគ្រាប់កាំភ្លើង បានបន្តបាញ់ចំនួន៥គ្រាប់មកជាបន្តបន្ទាប់ថែមទៀត។ មន្ត្រីសមត្ថកិច្ចប្រដាប់អាវុធ បានបង្ហាញវត្តមានឡើងមកលើទីតាំងវេទិកាងាកឆ្វេងងាកស្តាំ ដើម្បីស្វែងរកសត្រូវបាញ់ប្រហារ។
ក្រោយមកគេឮសូរសម្លេង ភ្នាក់ងារស្រែកតាមសម្លេងអៃកូមបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានបាញ់សម្លាប់ហើយ។ សម្លេងបញ្ជាក់ថា ខ្មាន់កាំភ្លើងត្រូវបានគេបាញ់សម្លាប់នោះ គឺនៅវេលាម៉ោង៦៖១២នាទី និង១៦វិនាទី។ នៅម៉ោង៦៖១២ និង២៥វិនាទី ក្រុមសម្ងាត់ដែលការពារលោក ដូណាល់ ត្រាំ បានប្រញាប់គ្រាហ៍ រូបលោកចាកចេញពីវេទិកា ប៉ុន្តែលោក ដូណាល់ ត្រាំ ដែលមានឈាមហូរនៅជាប់នឹងត្រចៀករបស់រូបលោកនោះ បានប្រញាប់ប្រាប់ទៅវិញថា «សូមរង់ចាំបន្តិច»។ លោក ដូណាល់ ត្រាំ បានប្រញាប់លើកកណ្តាប់ដៃរបស់លោកបង្ហាញ ឡើងទៅលើដែលធ្វើឱ្យទស្សនិកជនគាំទ្ររបស់លោក បានស្រែកហ៊ោរកញ្ជ្រៀវយ៉ាងខ្លាំង។ លោក ដូណាល់ ត្រាំ បានស្រែកលើកទឹកចិត្តក្នុងពេលនោះថា Fight ចំនួនបីដង ដែលមានន័យថា ប្រយុទ្ធ ប្រយុទ្ធ ប្រយុទ្ធ។ នេះជាសម្តីលើកទឹកចិត្តឱ្យប្រយុទ្ធ នៅក្នុងស្ថានភាពកំពុងមានគ្រោះថ្នាក់។
លោកបានប្រាប់មន្ត្រីសម្ងាត់ សូមឱ្យលោកពាក់ស្បែកជើងជាមុនសិន មុននឹងក្រុមមន្ត្រីសម្ងាត់បានជួយគ្រាហ៍ និងការពាររូបលោក ធ្វើដំណើរចុះពីលើវេទិកាសម្តៅ ទៅកាន់រថយន្តនៅក្បែរនោះ។ វេលាម៉ោង៦៖១២នាទីនិង៥៤វិនាទី លោកត្រូវបានក្រុមសម្ងាត់ គ្រាហ៍ចេញពីលើវេទិកា និងរហូតដល់ម៉ោង៦និង៥១នាទី មន្ត្រីនាំពាក្យរបស់លោក ដូណាល់ ត្រាំ បានប្រកាសប្រាប់មនុស្សទូទៅឱ្យបានដឹងវិញថា លោក ដូណាល់ ត្រាំ បានសេចក្តីសុខ និងផុតពីគ្រោះថ្នាក់ដល់ជីវិត។
អាជ្ញាធរអាមេរិកបានចាត់ទុក អំពើបាញ់ដាក់មកលើលោក ដូណាល់ ត្រាំ គឺជាការប៉ុនប៉ងសម្លាប់មកលើរូបលោក។ នៅក្នុងហេតុការណ៍នោះបុរសម្នាក់ដែលជាទស្សនិកជនគាំទ្របានស្លាប់ និងមនុស្ស២នាក់ដទៃបានរងរបួស ដោយសារគ្រាប់កាំភ្លើង។
*** តើលោក ដូណាល់ ត្រាំ ធ្វើប្រតិកម្មយ៉ាងណា?
នាវេលាម៉ោង៨និង៤២យប់ថ្ងៃសៅរ៍ដដែល គឺប្រមាណ២ម៉ោងកន្លះបន្ទាប់ពីបានក្រុមសម្ងាត់ នាំរូបលោកចាកចេញពីវេទិកាវាយប្រហារនោះមក, លោក ដូណាល់ ត្រាំ បានសរសេរក្នុង បណ្តាញសង្គម Truth Social បញ្ជាក់ថា «ខ្ញុំដឹងភ្លាមថា មានអ្វីខុសពីធម្មតាហើយដោយខ្ញុំបាន ឮសូរសម្លេងគ្រាប់បាញ់បានរសាត់ នៅក្បែរត្រចៀក ហើយខ្ញុំទទួលអារម្មណ៍ថា គ្រាប់កាំភ្លើង បានហោះមកប៉ះរលាត់នឹងស្បែករបស់ខ្ញុំ»។
លោក ដូណាល់ ត្រាំ បានថ្លែងអំណរគុណដល់ក្រុមមន្ត្រីសម្ងាត់ការពាររូបលោក, មន្ត្រីអនុវត្តច្បាប់អាមេរិកនានា ដែលបានប្រតិកម្មយ៉ាងលឿន ដើម្បីជួយការពាររូបលោក នៅក្នុងហេតុការណ៍នោះ។ លោកបានចូលរួមក្តីរំលែកទុក្ខដល់ ក្រុមគ្រួសារដែលមានមនុស្សបាត់បង់ជីវិត និងរងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ នាពេលនោះ។
ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើងនៅមុនមានមហាសន្និបាតគណបក្សសាធារណរដ្ឋ ដែលត្រូវធ្វើនៅថ្ងៃទី១៥ ខែកក្កដាក្នុងក្រុង Milwaukee នៃរដ្ឋ Wisconsin។ មហាសន្និបាតគណបក្សសាធារណរដ្ឋ រយៈពេលបួនថ្ងៃក្នុងសប្តាហ៍នេះ គឺជាមហាសន្និបាត ដែលត្រូវមានការប្រកាសតែងតាំង លោក ដូណាល់ ត្រាំ ជាផ្លូវការជាបេក្ខជនប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋ សម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅខែវិច្ឆិកាខាងមុខនេះ។
ខណៈដែលមានក្តីបារម្ភចំពោះភាពរំជើបរំជួល ក្រោយមានហេតុការណ៍បាញ់ប្រហារបានកើតឡើងមកនោះទាំងលោក ដូណាល់ ត្រាំ និងលោក ចូ បៃឌិន ដែលជាគូប្រជែងដណ្ដើមតំណែងប្រធានាធិបតី បានប្រញាប់ថ្លែងប្រាប់ពលរដ្ឋអាមេរិកាំង ជុំវិញឱ្យមានការឯកភាពជាតិ ក្នុងពេលក្រុមសម្ងាត់បន្តការស៊ើបអង្កេត លើករណីបាញ់ប្រហារ។ សេចក្តីរាយការណ៍ជំហានដំបូងបាននិយាយថា ករណីបាញ់ប្រហារនេះហាក់ដូចជាបានពាក់ព័ន្ធនឹងករណីតែយុវជន អាយុ២០ឆ្នាំនោះតែម្នាក់ឯកប៉ុណ្ណោះ និងមិនបានជាប់ពាក់ព័ន្ធនឹងមនុស្សដទៃឡើយ។
អាជ្ញាធរក៏កំពុងតែធ្វើការស៊ើបអង្កេត ចំពោះការរៀបចំយុទ្ធនាការនេះដែរ ដោយសារតែភាពថ្លោះធ្លោយ ផ្នែកសន្តិសុខបណ្តាលឱ្យមនុស្សកាន់អាវុធជ្រៀតចូលទៅជិតទីតាំងរៀបចំវេទិកា ឃោសនាស្វែងរកសន្លឹកឆ្នោតរបស់លោក ដូណាល់ ត្រាំ ក្នុងពេលនោះ។ លោក ដូណាល់ ត្រាំ ដែលបានអំពាវនាវឱ្យពលរដ្ឋអាមេរិកត្រូវរួមគ្នាជាធ្លុងមួយនោះ បានប្រាប់ពលរដ្ឋអាមេរិកទៀតថា គេ «មិនគួរអនុញ្ញាតឲ្យក្រុមបិសាច ឈ្នះឆ្នោតនោះឡើយ»។ ក្រុមបិសាច គឺជាក្រុមដែលលោកសម្តៅចំពោះគណបក្សប្រជាធិបតេយ្យ។
គេនឹង រំពឹងចាំមើលបន្ថែមទៀតថា តើក្នុងមហាសន្និបាតគណបក្សសាធារណរដ្ឋនេះទៀត តើ លោក ដូណាល់ត្រាំ នឹងមានការប្រកាសរបស់ខ្លួនយ៉ាងណាថែមទៀត ចំពោះហេតុការណ៍ ដែលបានកើតឡើងចំពោះរូបលោកនោះ។ នៅជាមួយគ្នានោះផងដែរ, ប្រធានាធិបតីលោក ចូ បៃដិន ដែលជាគូប្រកួតប្រជែងដ៏សំខាន់បង្អស់របស់លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃអាទិត្យទី១៤ កក្កដាដែរថា លោកបានបញ្ជាដល់ក្រុមប្រធានក្រុមសម្ងាត់អាមេរិក គឺលោក Kimberly Cheatle ដើម្បីពិនិត្យមើលសាឡើងវិញទាំងអស់នូវវិធានការរៀបចំសន្តិសុខក្នុងហេតុការណ៍កើតឡើងនោះ ដើម្បីវាយតម្លៃចង់ដឹងថា តើវាមានហេតុការណ៍ថ្លោះធ្លោយ អ្វីដែលនាំឱ្យមានហេតុការណ៍បាញ់ប្រហារនោះបានកើតឡើង។
រហូតមកទល់នឹងពេលនេះ គ្មានសេចក្តីរាយការណ៍ណាមួយដែលបង្ហាញឱ្យដឹងថា តើហេតុអ្វីបានជាខ្មាន់កាំភ្លើងអាយុ ២០ឆ្នាំរូបនោះ អាចឡើងទៅលើដំបូលអគារ ក្នុងពេលនោះបានជាមួយ នឹងកាំភ្លើងវែងរបស់ខ្លួនថែមទៀតនោះ? ហើយហេតុអ្វីបានជាអគារមួយនោះបែរជាស្ថិតនៅ ក្រៅការយកចិត្តទុកដាក់របស់ក្រុមសន្តិសុខ ការពារដល់លោក ដូណាល់ ត្រាំ?
សេចក្តីរាយការណ៍ បានបង្ហាញថា ពេលនេះក្រុម FBI កំពុងដឹកនាំប្រតិបត្តិការស៊ើបអង្កេតលើអំពើធ្វើឃាតដោយគ្រោងទុកជាមុននោះ។ ទោះជាយ៉ាងណាក៏ដោយ ភាពចន្លោះនៃកត្តាសន្តិសុខនេះ ក៏កំពុងស្ថិតក្រោមការស៊ើបអង្កេត និងត្រួតពិនិត្យក្រសួងសន្តិសុខ និងមាតុភូមិអាមេរិក និងក្រុមសម្ងាត់ USSS ក៏ដូចជាស្ថាប័នសភាតំណាងរាស្ត្រអាមេរិកផងដែរ។
បើយោងតាម CNN, មានសាក្សីម្នាក់ថែមទាំង បានប្រាប់មន្ត្រីអនុវត្តច្បាប់នៅទីនោះថា លោកបានឃើញអ្នកកាន់កាំភ្លើងម្នាក់ បានធ្វើសកម្មភាពឆ្លងពីដំបូលមួយទៅកាន់ដំបូលមួយនៅមុន ហេតុការណ៍ដែលបានកើតឡើង និងអ្នកកាន់កាំភ្លើងនោះបានមកដល់លើដំបូលអគារ ដែលស្ថិតប្រមាណ១៤០ម៉ែត្រតែប៉ុណ្ណោះ ពីទីកន្លែងវេទិកាឈរថ្លែងការណ៍ របស់លោក ដូណាល់ ត្រាំ។ សំណួរជុំវិញភាពសង្ស័យថ្លោះធ្លោយនេះ បានបង្ហាញថា បើសិនជាមានការចាត់វិធានការណ៍តាមសាក្សី ដែលបានប្រាប់ក្នុងពេលនោះភ្លាម គំរោងធ្វើឃាតនោះ នឹងមិនអាចកើតឡើងបានឡើយ ហើយក៏មិនមានមនុស្សស្លាប់ និងរបួសនិង អំពើភ្ញាក់ផ្អើលនោះកើតឡើងដែរ។ ប៉ុន្តែក្រុមសម្ងាត់ដែលការពារសន្តិសុខ បានប្រញាប់ធ្វើសកម្មភាព ក្រោយការមានស្នូរបាញ់កាំភ្លើងបានកើតឡើង និងក្រុមសម្ងាត់ក៏បានបាញ់សម្លាប់ជនសង្ស័យនោះថែមទៀតស្លាប់ នៅលើដំបូលអាគារ។
*** ការស្តីបន្ទោសលើវោហាសាស្ត្រប្រឆាំងលោក Donald Trump
មេដឹកនាំសម្លេងភាគច្រើនក្នុងស្ថាប័នសភាតំណាងរាស្ត្រ លោក Scalise បានចេញសេចក្តីថ្លែងការណ៍ ស្តីបន្ទោសដាក់ទៅលើការប្រើប្រាស់វោហាសាស្ត្រប្រឆាំងនឹងលោក Trump ដែលលោកបានចាត់ទុកថា វាជាការ «បញ្ឆេះកំហឹងដ៏គួរឱ្យអស់សំណើច ថាបើសិនជាលោក Donald Trump ឈ្នះការបោះឆ្នោតឡើងវិញ វានឹងក្លាយជាចុងបញ្ចប់នៃលទ្ធិប្រជាធិបតេយ្យ នៅក្នុងសហរដ្ឋអាមេរិក»។
លោកបានបន្ថែមថា កាលពីអតីតកាលគេធ្លាប់បានឃើញ អំពើឆ្កួតនៃហិង្សាដោយពាក្យសម្តីបែបនេះធ្លាប់កើតឡើង។ សម្តីដុតបញ្ឆេះបញ្ឈួលនេះ មិនត្រូវឱ្យមានទៀតឡើយ»។ សមាជិកព្រឹទ្ធសភា លោក JD Vance នៃរដ្ឋ Ohio បានចេញសេចក្តីថ្លែងការណ៍មួយកាលពីយប់ថ្ងៃសៅរ៍មុនពេល ដែលអត្តសញ្ញាណរបស់ជនសង្ស័យជាឃាតករ ត្រូវបានគេបង្ហាញដោយលោកបានបន្ទោសដាក់លើសំដីប្រឆាំងញុះញង់នយោបាយ ដើម្បីឱ្យគេខឹងលោក ដូណាល់ ត្រាំ និងលោកបន្ទោសដាក់លើ វោហាសាស្ត្រ នៃក្រុមយុទ្ធនាការរបស់លោក ចូ បៃដិន ទើបបាននាំឱ្យមានអំពើបាញ់ប្រហារនោះកើតឡើង។
លោក Vance បាននិយាយនៅលើបណ្តាញសង្គម X. ថា «សម្តីស្នូលសំខាន់ៗនៃយុទ្ធនាការ Biden នោះ បាននិយាយថា ប្រធានាធិបតី Donald Trump គឺជាពួកហ្វាស៊ីសផ្តាច់ការដែលគេ ត្រូវតែបញ្ឈប់ទោះបីត្រូវ បង់តម្លៃប៉ុណ្ណាក៏ដោយ»។ លោកបានបញ្ជាក់ថា សម្តីនោះហើយដែលនាំឱ្យអំពើប៉ុនប៉ងធ្វើឃាតដាក់ទៅលើ លោក ដូណាល់ ត្រាំ នោះ។
សម្តីចោទដាក់មកលើលោក ដូណាល់ ត្រាំ ដោយក្រុមធ្វើយុទ្ធនាការឃោសនារបស់លោក ចូ បៃដិន ដែលចោទលោក ដូណាល់ ត្រាំ ថាជាក្រុមហ្វាស៊ីស្តផ្តាច់ការនោះ កន្លងមកក៏ធ្លាប់ត្រូវបាន សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ នៃរដ្ឋ South Carolina លោក Lindsey Graham មកពីគណបក្សសាធារណរដ្ឋ ធ្លាប់បាននិយាយការពារដែរថា ការបោះឆ្នោតរបស់លោក Trump នឹងមិនធ្វើឱ្យប្រទេសបែកបាក់គ្នានោះទេ។ លោកបានថ្លែងការពារថា ប្រសិនបើលោក ដូណាល់ ត្រាំ គាត់ឈ្នះ លទ្ធិប្រជាធិបតេយ្យ ក៏នឹងមិនអាចបញ្ចប់បានទេ…ហើយលោកបានថ្លែងការពារដែរថា លោក ដូណាល់ ត្រាំ មិនមែនជាពួកហ្វាស៊ីសនោះឡើយ ហើយលោក ដូណាល់ ត្រាំ គឺតំណាងនូវទស្សនៈ ដែលមានមនុស្សរាប់លាននាក់បានគាំទ្រ។
សហរដ្ឋអាមេរិកធ្លាប់មានប្រវត្តិនៃអំពើហិង្សារបស់ខ្លួន ដាក់មកលើបេក្ខជនប្រធានាធិបតី ជាពិសេសក្នុងក្នុងពេលដែលមានរបត់ផ្លាស់ប្តូរក្នុងសង្គមរួមទាំងព្រឹត្តិការណ៍ឆ្នាំ១៩៦៨ នៅពេលដែលលោក Robert F. Kennedy និងលោក Marin Luther King Jr. ត្រូវបានគេបាញ់សម្លាប់។ ទូរទស្សន៍ CNN បានដកស្រង់សម្តីរបស់លោកស្រី Kristen Soltis Anderson ដែលតែងធ្វើការស្ទង់មតិរបស់គណបក្សសាធារណរដ្ឋបានបញ្ជាក់នូវកំហឹងរបស់ពលរដ្ឋអាមេរិក នៅពេលណាដែលមិនអាចធ្វើអ្វីមួយបាន តែងយកវិធីជាប្រពៃណីរបស់ពួកគេមកដោះស្រាយ។
លោកស្រីបាននិយាយថា «ខ្ញុំបានមើលកំណត់ត្រានូវទិន្នន័យគ្រប់ពេលបង្ហាញថា ជនជាតិអាមេរិក បើមានកំហឹងអំពីរឿងអ្វីមួយឋដែលកើតឡើងនៅក្នុងប្រទេសរបស់ខ្លួន និងគិតថា មិនអាចដោះស្រាយបាននោះ, ពួកគេតែងគិតនិង រកវិធីប្រពៃណីផ្សេងៗរបស់ពួកគេ ក្នុងការដោះស្រាយបញ្ហានោះ»៕