(ព្យុងយ៉ាង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានដកតំណែង ឬទម្លាក់តំណែងមន្រ្តីជាន់ខ្ពស់មួយចំនួន ទាក់ទងនឹងភាពគ្មានទំនួលខុសត្រូវលើគម្រោងសាងសង់ទីក្រុងថ្មីមួយ នៅឯភាគខាងជើងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ ២០២៤។
ខណៈកោតសរសើរដល់ក្រុមអ្នកដែលសម្រេចបាននូវសមិទ្ធផលមកទល់ពេលនេះ លោក Kim និយាយថា ភាពគ្មានទំនួលខុសត្រូវរបស់ក្រុមមន្រ្តីជាន់ខ្ពស់មួយចំនួន បង្កឱ្យមានបញ្ហាបន្តបន្ទាប់រួមទាំងការងារសំណង់មិនល្អ និងការខាតបង់ថវិកា។ លោក Kim បានលើកឡើងចំឈ្មោះ រដ្ឋមន្រ្តីត្រួតពិនិត្យកិច្ចការសំណង់ លោក Ri Sun Chol ដែលទើបនឹងតែងតាំងកាលពីខែកញ្ញា ឆ្នាំមុន ថាមិនបានចុះមកមើលការងារផ្ទាល់តាំងពីខែធ្នូ ហើយសម្រេចព្យួរតំណែងរូបលោក និងអំពាវនាវឱ្យមានការស៉ីបអង្កេតផ្លូវការ។ លោក Kim ក៏បានព្យួរតំណែងសមាជិកទាំងអស់ នៅក្នុងគណៈកម្មាធិការត្រួតពិនិត្យសំណង់សម្រាប់គម្រោងនេះ ទម្លាក់តំណែងមន្ត្រីគណបក្សពលករម្នាក់ដែលទទួលខុសត្រូវលើការងារនោះ ហើយប្តេជ្ញាពិនិត្យឡើងវិញលើការងារបស់ឧបនាយករដ្ឋមន្ត្រី និងអ្នកផ្សេងទៀតជុំវិញការធ្វេសប្រហែសក្នុងការបំពេញភារកិច្ចរបស់ពួកគេ។
គួរបញ្ជាក់ថា ការប្រកាសរបស់ លោក Kim ធ្វើឡើងក្នុងពេលដែលលោកចុះទៅដល់ទីក្រុង Samjiyon ជាកន្លែងដែលកូរ៉េខាងជើងកំពុងរៀបចំនូវអ្វីដែលគេហៅថា «សង្គមនិយមជ្រុលមួយ និងកសាងគំរូនៃទីក្រុងក្នុងតំបន់ភ្នំដែលមានអរិយធម៌ខ្ពស់» ដោយមានផ្ទះល្វែងថ្មីៗ សណ្ឋាគារ រមណីយដ្ឋានជិះស្គី កន្លែងធ្វើពាណិជ្ជកម្ម វប្បធម៌ និងរចនាសម្ព័ន្ធវេជ្ជសាស្ត្រ ជាដើម៕