(កៀវ)៖ ក្រសួងការពារជាតិរុស្ស៉ី បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅថា កងកម្លាំងរបស់ខ្លួនកំពុងគ្រប់គ្រងភូមិ Urozhaine ដែលស្ថិតនៅក្នុងតំបន់ដូណេត (Donetsk) ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី១៥ ខែកក្កដា ឆ្នាំ ២០២៤។
ក្រសួងការពារជាតិរុស្ស៉ី បានឱ្យដឹងតាមបណ្តាញតេឡេក្រាមថា «ជាលទ្ធផលនៃភាពជោគជ័យ ក្រុមកងកម្លាំងភាគខាងកើត បានកាន់កាប់ភូមិ Urozhaine ក្នុងតំបន់ Donetsk... ហើយកំពុងអនុវត្តប្រតិបត្តិការបោសសម្អាត និងដោះមីន»។ ប្រសិនបើវាជាការពិតមែននោះ ការចាប់យកបានភូមិមួយទៀតពីសំណាក់កម្លាំងរុស្ស៉ី នឹងក្លាយជាជ័យជម្នះថ្មីមួយទៀត ចាប់តាំងពីការដណ្តើមយកទីក្រុងយុទ្ធសាស្ត្រ Avdiivka ក្នុងខែកុម្ភៈ។ ភ្លាមៗមិនទាន់ការបញ្ជាក់ជាផ្លូវការពីអ៊ុយក្រែនទេ ជុំវិញការអះអាងនេះ។ ប៉ុន្តែអ្នកសរសេរប្លុកអ៊ុយក្រែនថា កងកម្លាំងទីក្រុងកៀវ បានសម្រេចចិត្តបោះបង់ភូមិដែលស្ថិតភាគនិរតីនៃទីក្រុងក្នុងតំបន់ Donetsk មួយនេះ ខណៈយោធាអ៊ុយក្រែនថា ការប្រយុទ្ធគ្នាកំពុងតែបន្តនៅទីនោះ។
គួរបញ្ជាក់ថា ភូមិ Urozhaine ស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៉ី នៅដើមទីនៃសង្រ្គាមក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ប៉ុន្តែអ៊ុយក្រែន ដណ្តើមយកមកវិញបាននូវកន្លែងឈរជើងក្បែរទន្លេ Mokri Yaly នៅខែកក្កដា ឆ្នាំ ២០២៣៕