(ប៉េកាំង)៖ កាលពីថ្ងៃទី១០ ខែកក្កដា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលនៃអង្គការណាតូនៅក្រុងវ៉ាស៊ីនតោន បានចេញផ្សាយសេចក្តីប្រកាស។ ក្នុងបរិបទ ដែលអង្គការណាតូដើរស្របគ្នា ជាមួយយុទ្ធសាស្ត្រស្តីពីការទប់ស្កាត់ចិនរបស់សហរដ្ឋអាមេរិក សេចក្តីប្រកាសនេះ បានធ្វើការវាយប្រហារដោយចេតនាអាក្រក់ ចំពោះប្រទេសចិនដោយអះអាងថា ចិនបានបង្កជា បញ្ហាប្រឈមចំពោះផលប្រយោជន៍ សន្តិសុខនិងតម្លៃរបស់អង្គការណាតូ ហើយមួលបង្កាច់ថា ចិនជា “អ្នកគាំទ្រ ដែលមានលក្ខណៈសម្រេច ”ចំពោះការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។ ក្នុងនាមជាអ្នកផ្ដួចផ្តើមឱ្យមានការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អង្គការណាតូមិនពិនិត្យ កំហុសរបស់ខ្លួន បែរជាទម្លាក់កំហុសទៅលើប្រទេសចិន ដែលបានជំរុញការផ្សះផ្សានិងការចរចា ដោយសន្តិវិធីជាប់រហូតមក គឺបានធ្វើឱ្យពិភពលោកឃើញ ម្តងទៀតនូវធាតុពិតនៃ “គ្រោះចង្រៃដែលបន្សល់ទុកពីសង្គ្រាមត្រជាក់”។
គិតមកទល់បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយជិតពីរឆ្នាំកន្លះហើយ។ អំពីមូលហេតុ នៃសោកនាដកម្ម លើកនេះ ការគិតពិចារណា នៃសហគមន៍អន្តរជាតិ មានភាពកាន់តែអត់ធ្មត់និងវិចារណញ្ញាណ ពោលគឺមនុស្សកាន់តែច្រើនឡើងៗ បានយល់ឃើញថា បន្ទាប់ពីបញ្ចប់សង្គ្រាមត្រជាក់ អង្គការណាតូបានពង្វាត ទៅខាងកើតជាបន្ត បន្ទាប់ក្រោមការដឹកនាំរបស់ សហរដ្ឋអាមេរិក ដែលគាបសង្កត់លំហសុវត្ថិភាពរបស់រុស្ស៊ី នេះទើបជាមូលហេតុពីឫសគល់ ដែលបណ្តាលឱ្យកើតមាន ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន។
បើមើលពីពេលបច្ចុប្បន្ននេះ ភាគីអាមេរិកនៅតែមិនចង់ដកដៃ ដើម្បីសម្រេចបាននូវផលប្រយោជន៍អនុត្តរភាពរបស់ខ្លួន ។ នៅចុងខែឧសភាឆ្នាំនេះ អង្គការណាតូ បានអះអាងថា បន្តស្វែងរកការគាំទ្រខាងយោធារយៈពេលយូរ ដែលមានតម្លៃយ៉ាងហោចណាស់ ៤ម៉ឺនលានប្រាក់អឺរ៉ូ ចំពោះអ៊ុយក្រែនជារៀងរាល់ឆ្នាំ ក្នុងការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែន។ ក្នុងកិច្ចប្រជុំកំពូលលើកនេះ អង្គការណាតូបានប្រកាសទៀតថា ក្នុងប៉ុន្មានខែខាងមុខនេះ នឹងផ្តល់ប្រព័ន្ធការពារដែនអាកាស ជាយុទ្ធសាស្ត្រចំនួន ៥ឈុតដូចជា ប្រព័ន្ធ Patriot ជាដើមនិងប្រព័ន្ធយុទ្ធវិធីការពារដែនអាកាសរាប់សិបឈុតទៅកាន់អ៊ុយក្រែន។ មតិសាធារណៈជាច្រើន បានយល់ឃើញថា អង្គការណាតូត្រៀមបន្តពង្រីក ទៅមុខដោយចាត់ទុកការប៉ះទង្គិច រវាងរុស្ស៊ីនិងអ៊ុយក្រែនជាសង្គ្រាមក្នុងរយៈពេលយូរ។
ដើម្បីលាក់បាំងទំនួលខុសត្រូវរបស់ខ្លួន ក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន អង្គការណាតូមានគំនិតអាក្រក់ដោយប្រឌិតរឿងក្លែងក្លាយ ប៉ុនប៉ងធ្វើឱ្យប្រទេសចិន ក្លាយជាអ្នកទទួលកំហុសជំនួសគេ។ នៅពេលមុននឹងបើកធ្វើកិច្ចប្រជុំកំពូលលើកនេះ អង្គការណាតូក៏បានធ្វើការរិះគន់ និងគំរាមកំហែងជាញឹកញាប់ចំពោះប្រទេសចិន ហើយលាបពណ៌លើកិច្ចសហប្រតិបត្តិការ ផ្នែកសេដ្ឋកិច្ចនិងពាណិជ្ជកម្មជាប្រក្រតីរវាងចិននិងរុស្ស៊ី និងមួលបង្កាច់ថា ភាគីចិនបានផ្តល់ការគាំទ្រផ្នែកយោធាដល់រុស្ស៊ី ។ អ្នកនយោបាយលោកខាងលិចមួយចំនួនសឹងតែថ្លែងថា កូនសោសម្រាប់បញ្ចប់ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន គឺនៅក្នុងដៃរបស់ភាគីចិន។
ប៉ុន្តែ តើការពិតគឺជាអ្វី? គិតរហូតដល់បច្ចុប្បន្ននេះ សហរដ្ឋអាមេរិកនិងប្រទេសលោកខាងលិច មិនអាចបង្ហាញភស្តុតាងជាក់ស្តែង ណាមួយបានទេ សូម្បីតែអ្នកទទួល ខុសត្រូវ នៃកងទ័ពអាមេរិកក៏ទទួលស្គាល់ថា ចិនមិនដែលផ្តល់ជំនួយយោធាដល់រុស្ស៊ី ក្នុងការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននោះទេ។ ប៉ុន្តែ ការទម្លាក់កំហុស ទៅលើចិន មិនអាចបិទបាំង ទំនួលខុសត្រូវរបស់អង្គការណាតូបានទេ។ ដូចអ្នកផងទាំងពួងបានជ្រាបស្រាប់ហើយថា ចិនមិនមែនជាអ្នកបង្កវិបត្តិអ៊ុយក្រែននោះទេ ហើយក៏មិនមែនជាសមីភាគីនោះដែរ។ គោលជំហរជាស្នូលរបស់ភាគីចិនលើបញ្ហាអ៊ុយក្រែន គឺជំរុញការចរចាសន្តិភាពនិងដោះស្រាយ វិបត្តិដោយវិធីនយោបាយ ដែលទទួលបានការទទួលស្គាល់និងកោតសរសើរជាទូទៅពីសំណាក់សហគមន៍អន្តរជាតិ។
ចិនមានពាក្យចាស់មួយពោលថា ចង់ស្រាយចំណងត្រូវរកអ្នកចង។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែន បន្ដរហូតដល់បច្ចុប្បន្ននេះ តើអ្នកណាចាក់សាំងលើភ្លើង អ្នកណាជំរុញការញុះញង់អុជអាល ហើយអ្នកណាស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន? សហគមន៍អន្តរជាតិបានឃើញយ៉ាងច្បាស់លាស់។ ក្នុងនាមជាអ្នកផ្តួចផ្តើម ឱ្យកើតមានវិបត្តិលើកនេះ ក្រុងវ៉ាស៊ីនតោននិងអង្គការណាតូ ដែលស្ថិតក្រោមការបញ្ជារបស់អាមេរិក គួរតែពិនិត្យកំហុសរបស់ខ្លួន បញ្ឈប់ការទម្លាក់កំហុស ទៅលើអ្នកដទៃ ក៏ដូចជាជំរុញការបន្ធូរបន្ថយស្ថានការណ៍ តាមរយៈការអនុវត្តជាក់ស្តែង៕
វិទ្យុមិត្តភាពកម្ពុជាចិន