(ប៉េកាំង)៖ នាពេលថ្មីៗនេះ សហគមន៍អន្តរជាតិបានបង្ហាញពីការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន។ ភ្នាក់ងារសារព័ត៌មានអន្តរជាតិ និងក្រុមអ្នកស្រាវជ្រាវបានចេញផ្សាយអត្ថបទ និងធ្វើបទអត្ថាធិប្បាយវិភាគជាច្រើន អំពីស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសចិន ដែលក្នុងនោះអ្នកខ្លះបានធ្វើការវិភាគ ប្រកបដោយហេតុផលសមស្រប ប៉ុន្តែអ្នកមួយចំនួនទៀត បានសរសេរបំភ្លៃខុសពីការពិត និងលាបពណ៌អវិជ្ជមានលើស្ថានភាពសេដ្ឋកិច្ចរបស់ចិន។
ការវិភាគបែបលាបពណ៌ខាងលើ គឺមានចេតនាផ្នែកនយោបាយច្រើនជាងបង្ហាញពី ភាពពិតជាក់ស្តែងនៃស្ថានភាពសេដ្ឋកិច្ចរបស់ចិន។ តើអ្វីទៅជានិន្នាការបច្ចុប្បន្ន នៃស្ថានភាពសេដ្ឋកិច្ចរបស់ចិន? ផ្ទុយពីការលាបពណ៌របស់អ្នកវិភាគមួយចំនួន សេដ្ឋកិច្ចចិន នៅតែមានភាពរស់រវើក និងរក្សាបាននូវសន្ទុះនៃការងើបឡើងវិញ ដ៏គួរឱ្យកត់សម្គាល់ចាប់តាំងពីដើមឆ្នាំ ២០២៤ ជាមួយនឹងអត្រាកំណើនផលិតផលក្នុងស្រុកសរុប (ផ.ស.ស) ប្រមាណ ៥,៣% ក្នុងត្រីមាសទីមួយ ហើយផ.ស.សរបស់ចិនត្រូវបានរំពឹងទុកថា នឹងបន្តកំណើនថេរនៅក្នុងត្រីមាសទីពីរនេះ។
ការណ៍នេះធ្វើឱ្យស្ថាប័នអន្តរជាតិមួយចំនួនដូចជា Barclays និង Goldman Sachs បានបង្កើនការព្យាករណ៍ ចំពោះអត្រាកំណើនផ.ស.សរបស់ចិន ពី ៤,៤% មក ៥% និង ៤,៨% ក្នុងឆ្នាំ ២០២៤ រៀងគ្នា ហើយថ្មីៗនេះ ធនាគារពិភពលោក ក៏បានកែប្រែការព្យាករណ៍ពីអត្រាកំណើនសេដ្ឋកិច្ចចិន ពី ៤,៥% មក ៤,៨% នៅឆ្នាំ២០២៤។
តួរលេខនេះគឺជាទឡ្ហីករណ៍ដែលមានលក្ខណៈវិទ្យាសាស្ត្រ និងមិនអាចប្រកែកបានថា សេដ្ឋកិច្ចចិននៅតែមានភាពធន់ និងបន្តនូវភាពរស់រវើករបស់ខ្លួន ទោះបីស្ថិតក្នុងកាលៈទេសៈដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា និងអត្រាកំណើនយឺតក៏ដោយ។ ជាក់ស្តែងនៅឆ្នាំ២០២៣ កន្លងទៅ ទោះបីប្រទេសចិនជួបបញ្ហាប្រឈមនានា ពីមជ្ឈដ្ឋានខាងក្រៅ និងការធ្លាក់ចុះនៃវិស័យអចលនទ្រព្យ ក្នុងស្រុកក៏ដោយ ចិននៅតែអាចសម្រេចបានកំណើនផ.ស.ស ៥,២% ដែលនេះបានបង្ហាញភាពធន់ នៃសេដ្ឋកិច្ចចិន ខុសពីការបំភ្លៃរបស់អ្នកអគតិមួយចំនួន។
ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេលើពិភពលោកលំដាប់ទី២ ប្រទេសចិនបានរួមចំណែកដល់កំណើន ផ.ស.សរបស់ពិភពលោកប្រមាណ ៣០% ហើយត្រូវបានសម្លឹងមើលឃើញថា នឹងនៅតែបន្តដើរតួនាទីជាក្បាលម៉ាស៊ីនដ៏ធំបំផុតមួយ ក្នុងការរុញច្រានកំណើនសេដ្ឋកិច្ចសកលឱ្យឈានដល់កម្រិតថ្មីមួយទៀត ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ។
ទាំងនេះពុំមែនជាអ្វីដែលកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែជាកិច្ចប្រឹងប្រែងរួមរបស់រដ្ឋាភិបាលចិន ដែលមានឯកឧត្តមប្រធានរដ្ឋ ស៊ី ជីនពីង ជាអគ្គមគ្គុទេសដ៏ឆ្នើម និងកម្លាំងសាមគី្គភាពរបស់ប្រជាជនចិនទាំង ១,៤ ប៊ីលាននាក់។ ក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រដ្ឋាភិបាលចិនបាន និងកំពុងដឹកនាំប្រទេសឆ្ពោះទៅរក ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ ដោយផ្តោតសំខាន់លើ ការបង្កើតកម្លាំងផលិតថ្មី ក្នុងវិស័យបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យា និងឧស្សាហកម្មទំនើប ហើយលទ្ធផលបានមកពី កិច្ចប្រឹងប្រែងទាំងអស់នេះ នឹងជះឥទ្ធិពលជាវិជ្ជមានដល់ការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។
មិនថាស្ថានភាពពិភពលោក មានការប្រែប្រួលឆាប់រហ័ស និងស្មុគ្រស្មាញយ៉ាងណា សេដ្ឋកិច្ចចិននៅតែបន្តនូវភាពរស់រវើក និងរួមចំណែកជាវិជ្ជមានដល់ការងើបឡើង នៃសេដ្ឋកិច្ចសកល ហើយគោលដៅកំណើន ៥% នៅចុងឆ្នាំ២០២៤ នឹងអាចសម្រេចបានដូច អ្វីដែលរដ្ឋាភិបាលចិនបានគ្រោងទុក៕
ដោយ ហ៊ូ ចំរើន
អ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលអភិវឌ្ឍន៍កម្ពុជា