(វ៉ាស៉ីនតោន)៖ នាចុងសប្តាហ៍នេះ អតីតប្រធានាធីបតីអាមេរិក លោក ដូណាល់ ត្រាំ បានរងរបួសចំស្លឹកត្រចៀក ក្នុងករណីបាញ់ប្រហារមួយ អំឡុងពិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក នៅរដ្ឋ Pennsylvania ខណៈទីភ្នាក់ងារស៉ើបអង្កេតសហព័ន្ធ FBI បានទទួលស្គាល់ជាផ្លូវការថា វាគឺជាការប៉ុនប៉ងធ្វើឃាតលើរូបលោក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន CNA នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ទីភ្នាក់ងារ FBI បានបញ្ជាក់ជាផ្លូវការ ក្នុងសន្និសីទសារព័ត៌មានមួយថា ហេតុការណ៍បាញ់ប្រហារលើ លោក ដូណាល់ ត្រាំ គឺជាអ្វីដែល FBI ហៅថា ការប៉ុនប៉ងធ្វើឃាតលើ អតីតប្រធានាធីបតីអាមេរិករូបនេះ។ ស្របពេលដែល លោក ត្រាំ បានរួចផុតពីគ្រោះថ្នាក់ ដោយមិនមានរងរបួសធ្ងន់ធ្ងរ ខ្មាន់កាំភ្លើងបានស្លាប់ ហើយអ្នកចូលរួមកម្មវិធីម្នាក់ ក៏បានស្លាប់ផងដែរ ខណៈ២នាក់ទៀតបានរងរបួស។ អាជ្ញាធរអាមេរិក បាននិយាយថា ពួកគេកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងបានហើយ ប៉ុន្តែមិនទាន់ត្រៀមរួចរាល់ ដើម្បីប្រកាសជាសាធារណៈនៅឡើយទេ។ ទន្ទឹមគ្នា ពួកគេក៏មិនទាន់កំណត់បាន ចេតនានៅពីក្រោយការប៉ុនប៉ងធ្វើឃាត លោក ត្រាំ នេះដែរ។
គួរបញ្ជាក់ថា បើតាមសារព័ត៌មានអាមេរិក New York Post ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពប៉ងធ្វើឃាត អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ត្រូវបានកំណត់អត្តសញ្ញាណថា មានឈ្មោះ Thomas Matthew Crooks អាយុ២០ឆ្នាំ។ បុរសរូបនោះបានធ្វើសកម្មភាពបាញ់ប្រហារ ចេញពីលើដំបូលរោងចក្រមួយ មានចម្ងាយត្រឹមជាង១០០ម៉ែត្រប៉ុណ្ណោះ ពីវេទិកាដែលលោក ត្រាំ ឈរថ្លែងសារ។ ខ្មាន់កាំភ្លើង មិនស្ថិតក្នុងចំណោម អ្នកចូលរួមកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ដែលប្រព្រឹត្តទៅនៅឯទីក្រុង Butler នៃរដ្ឋ Pennsylvania នោះទេ ហើយរូបគេ ត្រូវបានក្រុមអ្នកបាញ់កាំភ្លើងស៉ីប នៃកងអង្គរក្សសម្ងាត់ Secret Service ដែលការពារសុវត្ថិភាព សម្រាប់កម្មវិធីរបស់លោក ត្រាំ បាញ់សម្លាប់ភ្លាមៗ។ កាំភ្លើងវែងមួយដើមប្រភេទ AR-style ត្រូវបានរកឃើញ នៅកន្លែងធ្វើសកម្មភាពរបស់ខ្មាន់កាំភ្លើង៕