(វ៉ាស៉ីនតោន)៖ ប្រភពដែលសារព័ត៌មានអាមេរិក New York Post ទទួលបាន បានឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពប៉ងធ្វើឃាត អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍នេះ ត្រូវបានបង្ហាញអត្តសញ្ញាណថា មានឈ្មោះ Thomas Matthew Crooks អាយុ២០ឆ្នាំ។ នេះបើតាមការចេញផ្សាយ សារព័ត៌មាន RT នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤។
បុរសរូបនោះបានធ្វើសកម្មភាពបាញ់ប្រហារ ចេញពីលើដំបូលរោងចក្រមួយ មានចម្ងាយត្រឹមជាង១០០ម៉ែត្រប៉ុណ្ណោះ ពីវេទិកាដែលលោក ត្រាំ ឈរថ្លែងសារ។ ខ្មាន់កាំភ្លើងមិនស្ថិតក្នុងចំណោម អ្នកចូលរួមកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក ត្រាំ ដែលប្រព្រឹត្តទៅនៅឯទីក្រុង Butler នៃរដ្ឋ Pennsylvania ឡើយ ហើយរូបគេក៏ត្រូវបាន ក្រុមអ្នកបាញ់កាំភ្លើងស៉ីប នៃកងអង្គរក្សសម្ងាត់ Secret Service ដែលរក្សាសុវត្ថិភាពសម្រាប់កម្មវិធីរបស់លោក ត្រាំ បាញ់សម្លាប់ភ្លាមៗ។ កាំភ្លើងវែងមួយដើមប្រភេត AR-style ត្រូវបានរកឃើញ នៅកន្លែងធ្វើសកម្មភាពរបស់ខ្មាន់កាំភ្លើង។ ដោយឡែក មូលហេតុថាតើ ហេតុអ្វីបានជាបណ្តាលខ្មាន់កាំភ្លើង បាញ់ប្រហារប៉ងធ្វើឃាតលើ លោក ត្រាំ យ៉ាងដូច្នោះ គឺមិនទាន់ត្រូវបានដឹងច្បាស់ នៅឡើយទេ។ ជនរូបនោះ មានទីលំនៅក្នុងភូមិមួយ ស្ថិតនៅចម្ងាយជាង៦០គីឡូម៉ែត្រ ពីកន្លែងប្រារព្ធកម្មវិធីជួបជុំក្រុមអ្នកគាំទ្ររបស់លោក ត្រាំ។
គួរបញ្ជាក់ថា ជាលទ្ធផលនៃការបាញ់ប្រហារ លោក ដូណាល់ ត្រាំ បានរងរបួសចំស្លឹកត្រចៀកខាងស្តាំ ហើយរូបលោក ត្រូវបានក្រុម Secret Service ក្រៀកចុះពីលើវេទិកាភ្លាមៗ។ ក្រោយមក លោក ត្រាំ ត្រូវបានអះអាងថា មានសុវត្ថិភាព ដោយមិនទទួលរងរបួសធ្ងន់ធ្ងរឡើយ។ ជាមួយគ្នានេះ អ្នកចូលរួមម្នាក់ក៏បានបាត់បង់ជីវិតផងដែរ ហើយប៉ុន្មាននាក់ទៀត បានរងរបួស ដ្បិតស្នូរកាំភ្លើងជាច្រើនគ្រាប់ ត្រូវបានបន្លឺឡើង៕