(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរងការបាញ់ប្រហាររបួសចំស្លឹកត្រចៀក អំឡុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត នៅរដ្ឋ​ Pennsylvania។ ក្រុមការងារយុទ្ធនាការឃោសនារបស់លោកផ្ទាល់ និងកងអង្គរក្សសម្ងាត់ Secret Service បានអះអាងថា រូបលោកមានសុវត្ថិភាព និងមិនមានរងរបួសធ្ងន់ឡើយ។ ដោយឡែក ខ្មាន់កាំភ្លើងបានស្លាប់ តែមិនទាន់ត្រូវបាន​បញ្ជាក់អត្តសញ្ញាណ នៅឡើយទេ រីឯអ្នកចូលរួមម្នាក់ ក៏បានបាត់បង់ជីវិតផងដែរ។

ហេតុការណ៍ខាងលើកើតឡើង ស្របពេលសហរដ្ឋអាមេរិក នឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាណត្តិថ្មី នៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខ ជាពេលដែលលោក ដូណាល់ ត្រាំ ត្រូវគេរំពឹងថា នឹងប្រកួតប្រជែងម្តងទៀតជាមួយ លោក ចូ បៃដិន ដែលជាប្រធានាធីបតីអាមេរិក កំពុងកាន់អំណាច។ ខាងក្រោមនេះ គឺជារូបភាពបង្ហាញពីទិដ្ឋភាព លោក ត្រាំ រងការបាញ់ប្រហារ ហើយត្រូវបានក្រុមកងអង្គរក្សសម្ងាត់ ឡោមព័ទ្ធការពារ និងក្រៀកចុះពីលើវេទិកា។