(វ៉ាស៉ីនតោន)៖ ក្រុមយុទ្ធនាការឃោសនារបស់លោក ដូណាល់ ត្រាំ បានឱ្យដឹងថា លោក ត្រាំ នឹងនៅតែទៅចូលរួមព្រឹត្តិការណ៍សមាជជាតិរបស់គណបក្សសាធារណរដ្ឋ ហៅថា Republican National Convention នាសប្តាហ៍ក្រោយ បន្ទាប់ពីបេក្ខជនប្រធានាធិបតីរូបនេះ ទើបតែបានរងការបាញ់ប្រហាររបួសចំស្លឹកត្រចៀក ក្នុងករណីវាយប្រហារប៉ុនប៉ងធ្វើឃាត អំឡុងការជួបជុំក្រុមអ្នកគាំទ្រ នៅឯរដ្ឋ Pennsylvania។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។
យុទ្ធនាការឃោសនារបស់លោក ត្រាំ បាននិយាយថាដូច្នេះថា «លោក ដូណាល់ ត្រាំ នៅតែទន្ទឹងរង់ចាំទៅចូលរួមជាមួយអ្នកទាំងអស់គ្នា ក្នុងទីក្រុង Milwaukee នៃរដ្ឋ Wisconsin ស្របពេលដែលយើង នឹងប្រារព្ធសមាជជាតិរបស់យើង ដើម្បីតែងតាំងរូបលោកជាផ្លូវការ ឱ្យធ្វើជាបេក្ខជនឆ្ពោះទៅកាន់តំណែងជា ប្រធានាធិបតីទី៤៧ របស់សហរដ្ឋអាមេរិក»។ ព្រឹត្តិការណ៍ Republican National Convention នឹងប្រព្រឹត្តទៅនាថ្ងៃទី១៥-១៨ ខែកក្កដា។ ចំណែកសមាជ National Convention របស់បក្សប្រជាធិបតេយ្យវិញ នឹងរៀបចំឡើងនៅថ្ងៃទី១៩-២២ ខែសីហា ហើយប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន ត្រូវគេរំពឹងថា នឹងត្រូវតែងតាំងជាបេក្ខជនតំណាងបក្សប្រជាធិបតេយ្យ ដើម្បីតទល់ជាមួយលោក ត្រាំ។
គួរបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នឹងប្រព្រឹត្តទៅនាថ្ងៃទី៥ ខែវិច្ឆិកា ហើយវានឹងជាការប្រកួតប្រជែងគ្នាសាជាថ្មី រវាងលោក ត្រាំ និងលោក បៃដិន បន្ទាប់ពីលោក ត្រាំ បានចាញ់លោក បៃដិន ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២០។ លោក ត្រាំ ធ្លាប់ធ្វើជាប្រធានាធិបតីអាមេរិក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១។ ដោយឡែក ករណីបាញ់ប្រហារលើលោក ត្រាំ បានកើតឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍នេះ អំឡុងពេលលោកឈរថ្លែងសារលើវេទិកា ទៅកាន់ក្រុមអ្នកគាំទ្រ។ សំណាងល្អ លោក ត្រាំ បានរួចផុតពីគ្រោះថ្នាក់ ប៉ុន្តែត្រូវរបួសចំស្លឹកត្រចៀកស្តាំ។ បើតាមសេចក្តីរាយការណ៍ នៃប្រព័ន្ធផ្សព្វផ្សាយអាមេរិក ខ្មាន់កាំភ្លើងត្រូវបាន កងអង្គរក្សសម្ងាត់ Secret Service បាញ់សម្លាប់ ខណៈអ្នកចូលរួមកម្មវិធីម្នាក់ បានស្លាប់ និង២នាក់ផ្សេងទៀត បានរងរបួសផងដែរ។ ខ្មាន់កាំភ្លើងមិនស្ថិតក្នុងចំណោមអ្នកចូលរួមឡើយ ដែលបើតាមអាជ្ញាធរអាមេរិក ការបាញ់ប្រហារគឺមានប្រភពចេញមកពីទីកន្លែងខ្ពស់ នៅខាងក្រៅតំបន់ដែលត្រូវបានធានាសុវត្ថិភាព ដោយក្រុម Secret Service។ ករណីនេះ កំពុងស្ថិតក្រោមការស៉ើបអង្កេតពាក់ព័ន្ធការប៉ុនប៉ងធ្វើឃាត៕