(វ៉ាស៊ីនតោន)៖ អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានគេក្រៀកចុះពីលើឆាកភ្លាមៗ បន្ទាប់ពីឮស្នូរគ្រាប់កាំភ្លើងផ្ទុះនៅឯពិធីជួបជុំអ្នកគាំទ្ររបស់ លោក អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania។ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ និងកងអង្គរក្សសម្ងាត់ បានអះអាងថាអតីតប្រធានាធិបតីអាមេរិករូបនេះមានសុវត្ថិភាព។
ខាងក្រោមនេះគឺអ្វីដែលគេដឹងពីហេតុការណ៍បាញ់ប្រហារក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ៖
* តើមានអ្វីបានកើតឡើង?
ហេតុការណ៍បាញ់ប្រហារនៅក្នុងចំណោមហ្វូងមនុស្ស បានកើតឡើងនៅឯពិធីជួបជុំអ្នកគាំទ្ររបស់លោក ដូណាល់ ត្រាំ ក្នុងទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ ទី១៣ ខែកក្កដា (ម៉ោងនៅសហរដ្ឋអាមេរិក)។ គ្រាន់តែលោក ត្រាំ ឡើងលើវេទិកាដើម្បីថ្លែងសុន្ទរកថាទៅកាន់ក្រុមអ្នកគាំទ្រមិនបានប៉ុន្មាននាទីផង គេស្រាប់តែឮស្នូរគ្រាប់កាំភ្លើងផ្ទុះ។ ភ្លាមៗនោះកងអង្គរក្សសម្ងាត់បានប្រញាប់ប្រញាល់ឡើងលើវេទិកា និងឡោមព័ទ្ធការពារលោក ដូណាល់ ត្រាំ ហើយនាំបេក្ខជន ប្រធានាធិបតីអាមេរិកបក្សសាធារណរដ្ឋរូបនេះចុះពីលើវេទិកា។ អំឡុងពេលត្រូវបានគេក្រៀកចុះ លោក ត្រាំ បានលើកដៃស្ដាំក្ដាប់ឡើងលើ និងស្រែកពាក្យ «Fight»។
* តើលោក ត្រាំ មានរបួសដែរឬទេ?
លោក ដូណាល់ ត្រាំ ត្រូវបានគេឃើញមានឈាមប្រឡាក់ និងហូរឈាមចេញពីត្រចៀកខាងស្ដាំរបស់លោក។ តែលោកមានសុវត្ថិភាព និងមិនមានរបួសធ្ងន់ធ្ងរនោះទេ។ លោក ត្រាំ ផ្ទាល់ក៏បានបង្ហោះសារលើបណ្ដាញទំនាក់ទំនងសង្គមដែរជាមួយការអរគុណដល់កងអង្គរក្សសម្ងាត់ ដែលបានការពាររូបលោកពីគ្រោះថ្នាក់ និងបានចូលរួម រំលែកមរណទុក្ខដល់អ្នកចូលរួមម្នាក់ដែលបានបាត់បង់ជីវិត។ «ខ្ញុំត្រូវបានគេបាញ់ជាមួយគ្រាប់កាំភ្លើងមួយគ្រាប់ទម្លុះស្លឹកត្រចៀកស្ដាំផ្នែកខាងលើរបស់ខ្ញុំ។ ខ្ញុំបានដឹងភ្លាមៗ ថាប្រាកដជាមានបញ្ហាអ្វីហើយ នៅពេលឮស្នូរគ្រាប់កាំភ្លើង និងទទួលអារម្មណ៍ដឹងភ្លាមៗថាគ្រាប់កាំភ្លើងប៉ះស្បែករបស់ខ្ញុំ។ ឈាមបានហូរច្រើន ធ្វើឱ្យខ្ញុំដឹងថាតើមានអ្វី បានឡើង។ ព្រះព្រទានពរដល់សហរដ្ឋអាមេរិក»។ នេះជាការគូសបញ្ជាក់របស់លោក ត្រាំ។
* តើលោក ត្រាំ ត្រូវបានគេប៉ុនប៉ងធ្វើឃាតឬ?
ក្រុមមន្ត្រីអនុវត្តច្បាប់អាមេរិក ២នាក់ បាននិយាយថាលោក ដូណាល់ ត្រាំ ទំនងបានក្លាយជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតមួយ ខណៈលោកកំពុងថ្លែងសុន្ទរកថាអំឡុង ធ្វើយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Pennsylvania។ មន្ត្រីទាំង២នេះបានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AP ទៀតថាហេតុការណ៍បាញ់ប្រហារនេះកំពុងស្ថិតក្រោម ការស៊ើបអង្កេតជាប់ពាក់ព័ន្ធនឹងការសង្ស័យប៉ុនប៉ងធ្វើឃាតលោក ត្រាំ ខណៈមានសេចក្ដីរាយការណ៍ថាជនសង្ស័យដែលត្រូវបានកងអង្គរក្សសម្ងាត់បាញ់សម្លាប់នៅនឹង កន្លែង មិនមែនជាអ្នកចូលរួមក្នុងពិធីជួបជុំនោះឡើយ។ តាមកងអង្គរក្សសម្ងាត់ ជនសង្ស័យដែលមិនទាន់ត្រូវបានបញ្ជាក់អត្តសញ្ញាណរូបនេះដែរ បានបាញ់ប្រហារចេញពី ទីតាំងខ្ពស់មួយនៅខាងក្រៅពិធីជួបជុំ ដោយបណ្ដាលឱ្យអ្នកចូលរួមម្នាក់ស្លាប់ និងមនុស្ស ២នាក់ទៀតរងរបួសធ្ងន់។
គួរបញ្ជាក់ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងមេដឹកនាំជាសម្ព័ន្ធមិត្តរបស់អាមេរិក បានចេញមុខថ្កោលទោសការបាញ់ប្រហារ ព្រមទាំងបង្ហាញភាពរីករាយ ដែលលោក ត្រាំ មិនមានគ្រោះថ្នាក់៕