(វ៉ាស៉ីនតោន)៖ អំឡុងព្រឹត្តិការណ៍ជួបជុំក្រុមអ្នកគាំទ្រ កាលពីថ្ងៃសៅរ៍សប្តាហ៍នេះ (ពេលវេលាក្នុងតំបន់នៅសហរដ្ឋអាមេរិក) លោក ដូណាល់ ត្រាំ ដែលជាអតីតមេដឹកនាំអាមេរិក ហើយបច្ចុប្បន្នជាបេក្ខជនប្រធានាធិបតីអាមេរិក សម្រាប់ការបោះឆ្នោតនៅប៉ុន្មានខែ ខាងមុខនេះ បានរងរបួសស្រាល បន្ទាប់ពីគ្រាប់កាំភ្លើងបានហោះឆាបចំស្លឹកត្រចៀករបស់លោក ក្នុងការសកម្មភាពដែលទំនងជា ការប៉ុនប៉ងធ្វើឃាត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអាទិត្យ ទី១៤ ខែកក្កដា ឆ្នាំ២០២៤។
ទីភ្នាក់ងារ Secret Service បានចេញសេចក្តីថ្លែងការណ៍ឱ្យដឹងថា ខ្មាន់កាំភ្លើងដែលធ្វើសកម្មភាពបាញ់ប្រហារខាងលើ បានបាត់បង់ជីវិតហើយ ស្របពេលអ្នកចូលរួមព្រឹត្តិការណ៍ម្នាក់ ក៏បានស្លាប់ផងដែរ រីឯ២នាក់ទៀតបានរងរបួស។ ក្រោយរួចខ្លួនពី ការប៉ុនប៉ងធ្វើឃាតនោះ លោក ត្រាំ បានបង្ហោះសារលើប្រព័ន្ធ Truth Social របស់លោក យ៉ាងដូច្នេះថា «ខ្ញុំត្រូវបានគេបាញ់ ដោយគ្រាប់កាំភ្លើង បានហោះទម្លុះផ្នែកខាងលើ នៃស្លឹកត្រចៀកខាងស្តាំរបស់ខ្ញុំ។ ឈាមបានហូរចេញមកច្រើន»។
នៅពេលស្នូរកាំភ្លើងបន្លឺឡើង លោក ត្រាំ ត្រូវគេមើលឃើញថា បានយកដៃខ្ទប់ត្រចៀកខាងស្តាំរបស់លោក រួចហើយក៏ក្រាបចុះ។ ភ្លាមៗ ក្រុមភ្នាក់ងារ Secret Service ក៏បានស្ទុះមកឡោមព័ទ្ធការពាររូបលោក។ ប្រមាណជា១នាទីក្រោយមក ពួកគេបានអមដំណើរលោក ត្រាំ ចុះពីលើវេទិកាថ្លែងសារ ដើម្បីចូលទៅកាន់រថយន្ត១គ្រឿង ដែលនៅឈប់រង់ចាំ។ ទីភ្នាក់ងារ Secret Service និងយុទ្ធនាការរបស់ លោក ដូណាល់ ត្រាំ បាននិយាយថា លោកអតីតប្រធានាធិបតី មានសុវត្ថិភាព ក្រោយការបាញ់ប្រហារ ដែលបានកើតឡើងនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។
គួរបញ្ជាក់ថា បើតាមទីភ្នាក់ងារ Secret Service ប្រភពនៃការបាញ់ប្រហារនោះ គឺចេញមកទីតាំងខ្ពស់មួយ នៅកន្លែងស្ថិតក្រៅតំបន់ ដែលត្រូវបានធានាសុវត្ថិភាពដោយ Secret Service។ ការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ នេះ កើតមានឡើង មិនដល់រយៈពេល ៤ខែ នោះឡើយ មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក នៅថ្ងៃទី៥ ខែវិច្ឆិកា ជាពេលលោក ត្រាំ ត្រូវប្រកួតប្រជែងសាជាថ្មី ជាមួយប្រធានាធីបតីអាមេរិកបច្ចុប្បន្ន គឺលោក ចូ បៃដិន។ លោក ត្រាំ ធ្លាប់បានកាន់តំណែងជាប្រធានាធិបតីអាមេរិក ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ ក្រោយចាញ់លោក បៃដិន ក្នុងការបោះឆ្នោតកាលពីឆ្នាំ២០២០៕