(អ៉ីស្លាម៉ាបាដ)៖ អតីតនាយករដ្ឋមន្ត្រី លោក Imran Khan និងភរិយាទី ៣របស់លោកបានរួចផុតពីទោស ជុំវិញបទរៀបអាពាហ៍ពិពាហ៍ខុសច្បាប់ តាមការសម្រេចរបស់តុលាការប៉ាគីស្ថាន នៅថ្ងៃសៅរ៍នេះ ប៉ុន្តែលោកនឹងមិនត្រូវបានដោះលែងទេ បន្ទាប់ពីអាជ្ញាធរស្នើសុំដីកាថ្មីមួយទៀតដើម្បីចាប់ខ្លួនរូបលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ ២០២៤។
លោក Khan និងលោកស្រី Bushra Khan ដែលគេស្គាល់ថា Bushra Bibi ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ កាលពីខែកុម្ភៈ នៅពេលដែលតុលាការរកឃើញថាអ្នកទាំងពីរមានទោស ពីបទបំពានច្បាប់ឥស្លាម ដោយការធ្វេសប្រហេសលើពេលវេលាដែលត្រូវទុកចន្លោះពីការលែងលះពីអាពាហ៍ពិពាហ៍មុនរបស់ លោកស្រី Bibi មុនពេលលោកស្រីរៀបអាពាហ៍ពិពាហ៍ជាមួយ លោក Khan។
ក្រោយមក អ្នកទាំងពីរបានប្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោសនេះ។ តាមសាលដីការបស់សាលាឧទ្ធរណ៍ដែល Reuters ទទួលបាន «អ្នកទាំងពីរបានរួចផុតពីបទចោទប្រកាន់ ហើយត្រូវបានបង្គាប់ឱ្យដោះលែងជាបន្ទាន់ ប្រសិនបើមិនតម្រូវការឃុំខ្លួនក្នុងករណីផ្សេងទៀត»។ យ៉ាងនេះក្តី គណបក្ស PTI របស់លោក Khan បានឱ្យដឹងថា អាជ្ញាធរបានចេញដីកាចាប់ខ្លួនថ្មីមួយសម្រាប់ករណីចំនួន ៣ ដែលពាក់ព័ន្ធនឹងអំពើហិង្សាប្រឆាំងយោធា និងការដាក់ចេញនូវបទបញ្ជាផ្សេងទៀតអំឡុងពេលលោកកាន់តំណែង។
គួរបញ្ជាក់ថា សេចក្តីសម្រេចនេះធ្វើឡើង មួយថ្ងៃបន្ទាប់ពីគណបក្ស PTI របស់លោក Khan ឈ្នះអាសនៈបន្ថែមក្នុងសភា ដោយការណ៍នេះបានបង្កើនសម្ពាធលើក្រុមចម្រុះកំពុងកាន់អំណាចរបស់ប្រទេសប៉ាគីស្ថាន ខណៈដែលកំពុងតស៊ូដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចដែលរងគ្រោះ៕