(ហ្កាហ្សា)៖ មន្រ្តីសន្តិសុខម្នាក់ និងវិទ្យុកងទ័ពអ៉ីស្រាអែល បានឱ្យដឹងថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ក្នុងតំបន់ហ្កាហ្សានៅថ្ងៃសៅរ៍នេះ គឺកំណត់គោលដៅលើមេបញ្ជាការយោធារបស់ក្រុមហាម៉ាស លោក Mohammed Deif នៅក្នុងការវាយប្រហារមួយដែលក្រសួងសុខាភិបាលតំបន់ថា បានបណ្តាលឱ្យប្រជាជនប៉ាឡេស្ទីន ៧១នាក់ស្លាប់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់សារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ ២០២៤។
មន្រ្តីសន្តិសុខនិយាយថា វាមិនច្បាស់ទេថាតើ លោក Deif ត្រូវបានសម្លាប់ឬអត់។ ចំណែក វិទ្យុកងទ័ពរាយការណ៍ថា លោក Deif លាក់ខ្លួនក្នុងអគារមួយនៅតំបន់មនុស្សធម៌ Al-Mawasi ភាគខាងលិចនៃទីក្រុង Khan Younis និងដែលរងការវាយប្រហាររបស់អ៉ីស្រាអែល។ ក្រសួងសុខាភិបាលហ្កាហ្សា បានឱ្យដឹងថា ប្រជាជនប៉ាឡេស្ទីន ៧១នាក់បានស្លាប់ និង ២៨៩នាក់របួស។ មន្ត្រីជាន់ខ្ពស់ម្នាក់របស់ហាម៉ាស មិនបានបញ្ជាក់ទេតើលោក Deif ស្ថិតនៅក្នុងអគារនោះឬអត់? ហើយបានហៅការចោទប្រកាន់របស់អ៉ីស្រាអែលថា «គ្មានហេតុផល»។
គួរបញ្ជាក់ថា លោក Deif គឺជាមេខ្លោងម្នាក់នៃការវាយប្រហារថ្ងៃទី៧ ខែតុលារបស់ក្រុមហាម៉ាសលើអ៉ីស្រាអែលដែលបង្កឱ្យមានសង្រ្គាមនៅហ្កាហ្សា។ លោកធ្លាប់រួចផុតពីការប៉ុនប៉ងសម្លាប់របស់អ៉ីស្រាអែល ៧លើកមកហើយ៕