(ហាណូយ)៖ ការរអិលបាក់ដីដែលបង្កឡើងដោយសារភ្លៀងធ្លាក់ខ្លាំង នៅឯតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាម បណ្តាលឱ្យរថយន្ត ១៦កៅអីមួយគ្រឿងត្រូវកប់ជាប់ក្រោមដី សម្លាប់មនុស្ស ១១នាក់ស្លាប់ និងមួយចំនួនទៀតបាត់ខ្លួន នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដា ឆ្នាំ ២០២៤។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមជួយសង្គ្រោះ រួមទាំងទាហាន និងប្រជាពលរដ្ឋនៅខេត្ត Ha Giang បានរកឃើញសាកសពមនុស្ស ១១នាក់ និងរបួស ៤នាក់។ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម អាជ្ញាធរមូលដ្ឋាននិយាយថា គេមិនទាន់ដឹងពីចំនួនពិតប្រាកដនៃអ្នកជិះក្នុងរថយន្តនោះនៅឡើយទេ ហើយបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀត កំពុងបង្កភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករធនធានជលសាស្រ្ត បានឱ្យដឹងថា ភ្លៀងធ្លាក់ក្នុងកម្រិត ២៨០មីលីម៉ែត្របានវាយប្រហារតំបន់ខាងលើ ក្នុងរយៈពេល ២៤ម៉ោងកន្លងមក។ មជ្ឈមណ្ឌលបានចេញព្រមានពីទឹកជំនន់ភ្លាមៗ បំណាក់ដីដោយសារទឹកជំនន់ ឬចរន្តទឹក នៅក្នុងខេត្ត Ha Giang, Lao Cai, Tuyen Quang និង Yen Bai។ នាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានណែនាំជាបន្ទាន់ដល់អាជ្ញាធរមូលដ្ឋាន និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាល ឱ្យធ្វើការដោះស្រាយគ្រោះមហន្តនេះ ហើយត្រៀមខ្លួនដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ ក៏ដូចជាការរអិលបាក់ដីបន្ថែមទៀត។
គួរបញ្ជាក់ថា គ្រោះធម្មជាតិបានបណ្តាលឱ្យមនុស្ស ៣៨៩ នាក់ស្លាប់ និងរបួស ៦៦៨នាក់ កាលពីឆ្នាំមុន។ ប្រទេសវៀតណាមងាយនឹងជួបគ្រោះមហន្តរាយធម្មជាតិ ដោយទឹកជំនន់ និងព្យុះទីហ្វុង ដែលបានសម្លាប់មនុស្សរាប់រយនាក់ក្នុងមួយឆ្នាំៗ៕