(ប៉េកាំង)៖ ប៉ុន្មានថ្ងៃកន្លងទៅនេះ រដ្ឋាភិបាលចិនបានចេញផ្សាយរបាយការណ៍សំខាន់ស្តីពីសមុទ្រចិនខាងត្បូងចំនួនពីរច្បាប់។ មួយគឺ «របាយការណ៍ស្តីពីការស៊ើបអង្កេត និងវាយតម្លៃចំពោះសភាពការណ៍បរិស្ថានអេកូឡូស៊ី នៅលំហសមុទ្រកោះ Huangyan» ដែលបានចេញផ្សាយកាលពីថ្ងៃទី ១០ ខែកក្កដា មួយទៀតគឺ «របាយការណ៍ស្តីពីការស៊ើបអង្កេតអំពីករណី ដែលនាវាចម្បាំងហ្វីលីពីន ទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai បានបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក» ដែលបានចេញផ្សាយកាលពីថ្ងៃទី ៨ ខែកក្កដា។ របាយការណ៍ទាំងពីរច្បាប់នេះ សុទ្ធតែបានធ្វើការស៊ើបអង្កេតប្រកបដោយឯកទេស និងភាពលម្អិត ដើម្បីធ្វើការវិភាគលើ សភាពការណ៍ប្រព័ន្ធអេកូឡូស៊ីនៃកោះ Huangyan និងថ្មប៉ប្រះទឹក Ren’ai ដែលទទួលបានការសន្និដ្ឋាន ខុសៗគ្នាថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan គឺមានគុណភាពល្អប្រសើរ ហើយប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក ក៏មានភាពល្អបរិសុទ្ធផងដែរ ។ ផ្ទុយទៅវិញ ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក Ren’ai រងការបំផ្លាញយ៉ាងធ្ងន់ធ្ងរ មូលហេតុសំខាន់គឺ ការទុកចោលនាវាចម្បាំងដោយខុសច្បាប់របស់ហ្វីលីពីន ព្រមទាំងសកម្មភាពពាក់ព័ន្ធរបស់ពួកគេ។
អ្វីដែលគួរឱ្យអស់សំណើចនោះគឺ ភាគីហ្វីលីពីន បានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី ៩ ខែកក្កដាដោយចោទប្រកាន់ថា ប្រទេសចិនជាអ្នកបង្កការបំផ្លិចបំផ្លាញ ដែលមិនអាចស្រោចស្រង់បានចំពោះផ្កាថ្មប៉ប្រះទឹក នៅសមុទ្រចិនខាងត្បូង ។ យ៉ាងណាមិញ ការប្រឌិតរឿងក្លែងក្លាយរបស់ហ្វីលីពីន មិនអាចលាក់បាំងទង្វើរំលោភសិទ្ធិរបស់ខ្លួន នៅសមុទ្រចិនខាងត្បូងបានទេ ហើយក៏មិនអាចបំភាន់ មតិអន្តរជាតិបានដែរ វាមានតែបញ្ជាក់ថែមមួយកម្រិតទៀតថា ហ្វីលីពីនជាអ្នកបង្កការបំផ្លាញដល់ បរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង ។
ដោយផ្អែកលើទិន្នន័យពីផ្កាយរណប ដែលអាចបញ្ជាពីចម្ងាយ និងការស៊ើបអង្កេតនៅនឹងកន្លែង ប្រទេសចិនបានរកឃើញថា នាវាចម្បាំងរបស់ហ្វីលីពីន ដែលទុកចោលដោយខុសច្បាប់អស់រយៈពេល ២៥ ឆ្នាំនោះបានបំផ្លាញយ៉ាងធ្ងន់ធ្ងរដល់ពិពិធកម្ម ស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី នៃផ្កាថ្មប៉ប្រះទឹកនៅថ្មប៉ប្រះទឹក Ren’ai ។ នាវាចម្បាំងដែលត្រូវបានដុះច្រែះជាបន្តបន្ទាប់ ព្រមនិងសកម្មភាពពាក់ព័ន្ធរបស់មនុស្សនៅលើនាវា គឺជាមូលហេតុសំខាន់ដែលបំផ្លាញ បរិស្ថានអេកូឡូស៊ីនៃសមុទ្រចិនខាងត្បូង។
អាចឃើញថា សេចក្តីសន្និដ្ឋានដែលប្រទេសចិនទទួលបានទាំងនេះគឺ ឈរលើការពិតជាក់ស្តែង និងតាមរយៈការស៊ើបអង្កេត តាមបែបវិទ្យាសាស្ត្រ។ ប្រទេសចិនបានទាមទារឱ្យហ្វីលីពីន ជម្លៀសចេញនាវាចម្បាំងដែលទុកចោល ដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai វាមិនត្រឹមតែជាទង្វើដ៏ត្រឹមត្រូវ សម្រាប់គាំពារអធិបតេយ្យភាព និងសិទ្ធិនិងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ប៉ុណ្ណោះទេ ថែមទាំងក៏ជៀសវាងប្រព័ន្ធអេកូឡូស៊ីនៅថ្មប៉ប្រះទឹក Ren’ai រងការបំផ្លិចបំផ្លាញជាបន្តបន្ទាប់ផងដែរដែលជា ទង្វើទទួលខុសត្រូវខ្ពស់ចំពោះបរិស្ថានសមុទ្រ។
បើប្រៀបធៀបនឹងសភាពការណ៍បរិស្ថានអេកូឡូស៊ី នៅថ្មប៉ប្រះទឹក Ren’ai សភាពការណ៍បរិស្ថានអេកូឡូស៊ីនៅកោះ Huangyan ដែលស្ថិតក្រោមការអភិរក្ស ត្រួតពិនិត្យនិងគ្រប់គ្រងរបស់ប្រទេសចិន បាននិងកំពុងបង្ហាញពីទិដ្ឋភាពដ៏រស់រវើក។ យោងតាមការស៊ើប អង្កេតចម្រុះ ដែលធ្វើឡើងដោយស្ថាប័នជាច្រើនដូចជាវិទ្យាស្ថានតំបន់ Huanan មជ្ឈមណ្ឌលមហាសមុទ្រ និងមជ្ឈមណ្ឌលស្ទង់ពិនិត្យ និងសិក្សាស្រាវជ្រាវតាមបែបវិទ្យាសាស្ត្រ នៃនាយកដ្ឋានស្ទង់ពិនិត្យ លំហសមុទ្រចិនខាងត្បូង Zhujiang នៃក្រសួងបរិស្ថាន និងអេកូឡូស៊ីចិនជាដើមពីខែឧសភាដល់ខែមិថុនា ឆ្នាំ ២០២៤ បានរកឃើញថា បរិស្ថាននៅលំហសមុទ្រកោះ Huangyan មានគុណភាពល្អ ហើយប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក ក៏មានភាពល្អបរិសុទ្ធដែរ។
លទ្ធផលស៊ើបអង្កេតនេះបានឆ្លុះបញ្ចាំងពីប្រសិទ្ធភាព ដែលប្រទេសចិនទទួលបានក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ ។ ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ ពីការតាក់តែងនិងអនុវត្តច្បាប់និងបទប្បញ្ញត្តិ ដល់ការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្រ្ត និងការស្ដារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ី រហូតដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការចូលរួមពីសំណាក់សាធារណជន ប្រទេសចិនបានដើរតួនាទីយ៉ាងសំខាន់ ដែលមិនអាចជំនួសបានក្នុងការការពារបរិស្ថាន នៃសមុទ្រចិនខាងត្បូង។ ព្រមពេលជាមួយគ្នានេះ ប្រទេសចិនក៏បានជំរុញយ៉ាងសកម្ម នូវការកសាងសហគមន៍រួមវាសនាមហាសមុទ្រផងដែរ។ គិតមកទល់ពេលបច្ចុប្បន្ននេះ ប្រទេសចិនបានបង្កើតទំនាក់ទំនង ភាពជាដៃគូពណ៌ខៀវជាមួយសហភាពអឺរ៉ុប សម្ព័ន្ធអាស៊ាន ប្រទេសកោះប៉ាស៊ីហ្វិក ប្រទសក្នុងតំបន់អាក់ទិក និងប្រទេសទ្វីបអាមេរិកខាងត្បូង ជាបន្តបន្ទាប់ដែលបានរួមចំណែកយ៉ាងសំខាន់ ក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ នៅសមុទ្រចិនខាងត្បូងនិងទូទាំងពិភពលោក។
តើអ្នកណាជាអ្នកបំផ្លាញបរិស្ថានអេកូឡូស៊ី នៃសមុទ្រចិនខាងត្បូង ការពិតជាក់ស្តែង គឺ ច្បាស់លាស់ណាស់ ។ បញ្ហាស្តីពីការការពារបរិស្ថាន អេកូឡូស៊ីសមុទ្រ គឺ ពាក់ព័ន្ធដល់សុខុមាលភាពរបស់មនុស្សជាតិ ហើយបញ្ហាសមុទ្រចិនខាងត្បូង មិនគួរក្លាយជាឧបករណ៍នយោបាយ សម្រាប់ប្រទេសមួយចំនួនក្នុងការធ្វើបដិបក្ខគ្នា ខាងភូមិសាស្ត្រនយោបាយ និងសម្រេចបាននូវផលប្រយោជន៍ផ្ទាល់ខ្លួន នោះឡើយ៕
វិទ្យុមិត្តភាពកម្ពុជាចិន