(ប៉េកាំង)៖ «ការធ្វើទេសចរណ៍នៅចិន City មិន City ?» នេះជាឃ្លាពេញនិយមតាមបណ្តាញទំនាក់ទំនងចិន និងបរទេសក្នុងមួយរយៈកាលកន្លងទៅនេះ។ ពាក្យថា City នៅទីនេះមានន័យថា ឡូយឬទាន់សម័យ City មិន City? មានន័យថា ឡូយអត់ ? ទាន់សម័យអត់ ? ពាក្យនេះបានលេចឡើងក្នុងវីដេអូឃ្លីបរបស់ភ្ញៀវទេសចរបរទេស ដែលបានធ្វើដំណើរកម្សាន្តនៅប្រទេសចិន ហើយបានរៀបរាប់ពីអ្វីដែលខ្លួនបានឃើញ បានស្គាល់នៅប្រទេសចិន តាមគណនីបណ្តាញទំនាក់ទំនងសង្គមរបស់ខ្លួន ដែលមានការចុច Like និងចែករំលែកយ៉ាងច្រើនពីអ្នកប្រើអ៊ីនធឺណិតចិននិងបរទេស។
តាមពិតទៅ ភាពពេញនិយមនៃការធ្វើដំណើរកម្សាន្តនៅប្រទេសចិនមិនមែនជារឿងចៃដន្យទេ ពីព្រោះថា និយាយចំពោះប្រទេសចិន ដែលមានទឹកដីធំទូលាយ មានសណ្ឋានដីប្លែកៗ ព្រមទាំងមានប្រវតិ្តសាស្ត្រ អរិយធម៌និងវប្បធម៌ដ៏យូរលង់ គឺសម្បូរទៅដោយធនធានទេសចរណ៍ រាប់មិនអស់ ។ ពិសេសក្នុងយុគសម័យថ្មី ផលិតផលទេសចរណ៍ច្នៃប្រឌិតថ្មី បានត្រូវបង្កើតឡើងជាបន្តបន្ទាប់ ដែលអាចបំពេញតាមតម្រូវការផ្សេងៗរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលចិនបានចាត់វិធានការជាច្រើន ដើម្បីខិតខំកែលម្អបរិយាកាសទេសចរណ៍ ដើម្បីផ្តល់ភាពកាន់តែងាយស្រួល និងកាន់តែប្រកបដោយផាសុកភាព ជូនចំពោះភ្ញៀវទេសចរគ្រប់រូប ពិសេសទេសចរបរទេស ក្នុងន័យញ៉ាំងឱ្យភ្ញៀវទេសចរបរទេសទាំងឡាយ អាចចែករំលែកនូវធនធាននិងផលិតផលទេសចរណ៍ដ៏សម្បូរបែប របស់ចិនដោយភាពសប្បាយរីករាយ និងពេញចិត្តពេញថ្លើម។ ក្នុងចំណោមវិធានការទាំងនេះ ការកែសម្រួលរបៀបទូទាត់ទទួលបាន សមិទ្ធផលដ៏លេចធ្លោក្នុងរយៈពេលចុងក្រោយនេះ ពោលគឺ ភ្ញៀវទេសចរបរទេសអាចទូទាត់តាមកម្មវិធីទូទាត់ នៃឧបករណ៍ចល័តមិនថា ធ្វើដំណើរទៅដល់ទីកន្លែងណានៅទូទាំងប្រទេសចិន ដែលមានន័យថា ពេលធ្វើដំណើរកម្សាន្តនៅប្រទេសចិន ទេសចរបរទេស មិនបាច់ប្តូរប្រាក់ជាមុនទេ គ្រាន់តែភ្ជាប់កាតធនាគារជាមួយ កម្មវិធីទូទាត់តាមឧបករណ៍ចល័តរបស់ចិន ក៏អាចទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក បានយ៉ាងងាយស្រួល។
ក្នុងឆ្នាំ ២០២៤ នេះ ចំនួនភ្ញៀវទេសចរបរទេសដែលចូលទស្សនាប្រទេសចិនមានការកើនឡើងយ៉ាងច្រើន បើតាមអ្នកនាំពាក្យ នៃក្រសួងការបរទេសចិនឱ្យដឹងថា តាមទិន្នន័យស្ថិតិនៃស្ថាប័នពាក់ព័ន្ធបង្ហាញ ក្នុងឆមាសទីមួយឆ្នាំនេះ មានអ្នកដំណើរបរទេស ចូលដែនចិន សរុប ១៤.៦៣៥.០០០ នាក់ ដែលកើនឡើង ១៥២.៧% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ។ ក្នុងនោះ អ្នកដំណើរបរទេសដែលចូលដែនចិនដោយមិនបាច់ធ្វើទិដ្ឋាការមានចំនួន ៨.៥៤២.០០០ នាក់ កើនឡើង ១៩០.៧% បើប្រៀបធៀបនឹង រយៈពេលដូចគ្នានៃឆ្នាំ ២០២៣។ ស្របនឹងពេលដែលប្រទេសចិនបានអនុវត្ត គោលនយោបាយលើកលែងទិដ្ឋាការ ទៅវិញទៅមក ឬដោយឯកតោភាគីចំពោះប្រទេសកាន់តែច្រើនឡើងៗ បូករួមទាំងវិធានការកែសម្រួលការចេញ-ចូលដែនចិន អ្នកដំណើរបរទេស ដែលទទួលបានផលប្រយោជន៍ពី គោលនយោបាយលើកលែងទិដ្ឋាការរបស់ចិន អាចចេញ-ចូលប្រទេសចិនយ៉ាងងាយស្រួលនិងរលូន។
ក្រៅពីគោលនយោបាយរបស់រដ្ឋាភិបាល រដ្ឋបាលតំបន់នានានៃប្រទេសចិនក៏បានដាក់ចេញ នូវវិធានការជាច្រើនដើម្បីជំរុញ វិស័យទេសចរណ៍។ ផលិតផលទេសចរណ៍ដែលមានលក្ខណៈពិសេសប្រចាំតំបន់ បានត្រូវដាក់ចេញជាបន្តបន្ទាប់ដោយអនុលោមតាម លក្ខខណ្ឌនៃធនធានទេសចរណ៍ក្នុងតំបន់ ដូចជានៅឯសមុទ្រខ្សាច់នៅភាគពាយព្យ យើងអាចកម្សាន្តសប្បាយជាមួយ កម្មវិធីកម្សាន្តលើខ្សាច់ និងរីករាយជាមួយការប្រគំតន្ត្រីលើវាលខ្សាច់នៅពេលយប់ , ក្នុងរដូវរងានៅឯភាគឦសាន ចម្លាក់ទឹកកកនិងកម្មវិធីកម្សាន្ត ជាមួយទឹកកកបានញ៉ាំងឱ្យ ភ្ញៀវទេសចរជក់ចិត្តមិនចង់ចាកចេញ , នៅឯភាគខាងជើង យើងអាចរៀនជិះសេះបំផាយលើវាលស្មៅ និងដកបទពិសោធជាមួយល្បែងកម្សាន្តលើវាលស្មៅ , នៅឯភាគខាងលិច ដែលភាគច្រើនជាតំបន់ខ្ពស់រាប យើងអាចដកបទពិសោធពីវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ដ៏សម្បូរបែប របស់ជនជាតិភាគតិច , នៅឯភាគខាងត្បូង យើងអាចស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីចិន ដើរកម្សាន្តក្នុងភូមិបុរាណ និងទីកន្លែងជាច្រើន ដែលមានសំណង់រចនាបថបុរាណ ដើម្បីទទួលបទពិសោធពីការ «ឆ្លងភព» ទៅកាន់សម័យបុរាណរបស់ចិន ។ល។
ជារួម មិនថាយើងចូលចិត្តភាពទំនើបទាន់សម័យនៃទីក្រុង ឬភាពសាមញ្ញនៃជនបទ , មិនថាយើងចូលចិត្តបច្ចេកវិទ្យាជឿនលឿន ឬទំនៀមទម្លាប់និងវប្បធម៌ប្រពៃណី , មិនថាយើងចូលចិត្តការផ្សងព្រេង ឬការសម្រាកលំហែកាយ ។ល។ ផលិតផលទេសចរណ៍ ដ៏សម្បូរបែបរបស់ប្រទេសចិន អាចបំពេញតាមតម្រូវការទាំងអស់ ។ ពិសេសគឺការច្នៃប្រឌិតថ្មីផ្នែកទេសចរណ៍វប្បធម៌ នៃតំបន់នានារបស់ចិន នឹងធ្វើឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិទទួលបាន នូវបទពិសោធនិងចំណេះដឹងខាងវប្បធម៌ចិន ក្នុងពេលដំណាលគ្នាជាមួយនឹង ការដើរទស្សនាទេសភាពធម្មជាតិ បុរាណដ្ឋាន ឬទីក្រុងទំនើបទាន់សម័យ។
បច្ចុប្បន្ន ការធ្វើទេសចរណ៍ជាលក្ខណៈ«City wakl» ឬ«Country walk» ( ការដើរទស្សនាទីក្រុងឬជនបទ ) ក្នុងប្រទេសចិន ទទួលបានការពេញនិយមក្នុងចំណោមយុវជនចិន និងភ្ញៀវទេសចរបរទេសជាច្រើន ដោយសារពួកគេយល់ឃើញថា របៀបដើរកម្សាន្តដោយមិនកំណត់គោលដៅ ឬរមណីយដ្ឋានណាមួយ ពោលគឺដើរឈប់ដើរឈប់ មើលនេះមើលនោះដោយមិនបង្ខំ ស្រូតដំណើរទៅណា វានឹងធ្វើឱ្យពួកគេស្វែងយល់បានកាន់តែច្បាស់ ពីទីកន្លែងដែលពួកគេបានទៅដល់ ពិសេសពួកគេអាចមើលឃើញ អ្វីៗដែលប្លែកពីការដើរកម្សាន្តតាមរមណីយដ្ឋាន ។ ជារួម មិនថាដើរកម្សាន្តតាមរបៀបណាក្តី ក៏គ្រប់ទីកន្លែងនៃប្រទេសចិននឹងបន្សល់ទុក នូវអនុស្សាវរីយ៍ដ៏វិសេសវិសាលសម្រាប់ទេសចរគ្រប់រូប ដែលអាចនិយាយបានថា «China Travel» ពិតជា City!
អត្ថបទដោយ ៖ លោក តាំង ស៊ីឡេង , បុគ្គលិកនៃវិទ្យុមិត្តភាពកម្ពុជា-ចិន