(វ៉ាស៊ីនតោន)៖ ក្រសួងការពារជាតិរុស្ស៉ី កាលពីថ្ងៃទី១២ ខែកក្កដា បានឱ្យដឹងថារដ្ឋមន្ត្រីការពារជាតិរុស្ស៉ី លោក Andrei Belousov បានបើកកិច្ចពិភាក្សាតាមទូរស័ព្ទជាមួយ សមភាគីអាមេរិករបស់លោក គឺលោក Lloyd Austin ដោយប្រមុខការពារជាតិនៃប្រទេសទាំង២ បានជជែកគ្នាពីការបន្ធូរបន្ថយហានិភ័យនៃលទ្ធភាពផ្ទុះរាលដាលនៃជម្លោះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
កិច្ចសន្ទនាតាមទូរស័ព្ទខាងលើដែលផ្ដួចផ្ដើមគំនិតដោយភាគីរុស្ស៉ី កើតមានឡើងចំពេលភាពតានតឹងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូបានឡើងកម្ដៅសាជាថ្មី ក្រោយទីក្រុងវ៉ាស៊ីនតោន ប្រកាសពីផែនការដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយនៅលើទឹកដីអាល្លឺម៉ង់ ជាការសម្រេចចិត្តមួយត្រូវបានវិមានក្រឹមឡាំងព្រមានពីការវិលត្រឡប់ទៅរក ការប្រឈមមុខដាក់គ្នាឡើងវិញដូចជាកាលពីសម័យសង្រ្គាមត្រជាក់។
ក្រសួងការពារជាតិរុស្ស៉ី បានកត់សម្គាល់ក្នុងសេចក្ដីថ្លែងការណ៍មួយថា «បញ្ហាពាក់ព័ន្ធនឹងការបង្ការការគំរាមកំហែងខាងសន្តិសុខ និងកាត់បន្ថយហានិភ័យនៃការផ្ទុះរាលដាលជម្លោះ ត្រូវបានលើកយកទៅពិភាក្សា»។ ដោយឡែក បើតាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកស្រី Sabrina Singh លោក Austin ក៏បានសង្កត់ធ្ងន់ផងដែរពីសារៈសំខាន់ ក្នុងការថែរក្សា បណ្ដាញទំនាក់ទំនង អំឡុងកិច្ចសន្ទនាជាមួយលោក Belousov។
គួរបញ្ជាក់ថា កាលពីថ្ងៃពុធសប្ដាហ៍នេះ សេតវិមានបានប្រកាសអំឡុងកិច្ចប្រជុំកំពូល NATO ក្នុងទីក្រុងវ៉ាស៊ីនតោថាសហរដ្ឋអាមេរិកមានបំណងដាក់ពង្រាយមីស៊ីលរយៈចម្ងាយឆ្ងាយ ក្នុងនោះរួមមានទាំងមីស៊ីលគ្រូស Tomahawk នៅក្នុងប្រទេសអាល្លឺម៉ង់ជាការកំញើញទប់ស្កាត់។ ប៉ុន្តែ វិមានក្រឹមឡាំងបានរិះគន់ផែនការនេះ និងចោទប្រកាន់វ៉ាស៊ីនតោនថា បាន និងកំពុងបោះជំហានត្រឡប់ទៅរកសង្រ្គាមត្រជាក់ថ្មីមួយ និងកំពុងចូលរួមដោយផ្ទាល់ក្នុងសង្រ្គាមនៅអ៊ុយក្រែន៕