(តៃប៉ិ)៖ ក្រសួងការពារជាតិតៃវ៉ាន់ នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះបាននិយាយថាខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការបាញ់សាកល្បងមីស៊ីលយ៉ាងកក្រើក នៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុង (Inner Mongolia) ស្ថិតនៅភាគខាងជើងបំផុតនៃប្រទេសចិន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

តាមក្រសួងការពារជាតិតៃវ៉ាន់ ចាប់ពីម៉ោង ៤ព្រឹកថ្ងៃសៅរ៍នេះ កងកម្លាំងរ៉ុក្កែតចិនបានធ្វើតេស្ដបាញ់​មីស៊ីលជាច្រើនគ្រាប់ នៅក្នុងតំបន់ម៉ុងហ្គោលីខាងក្នុងដែលស្ថិតនៅចម្ងាយ ប្រហែល ២០០០គីឡូម៉ែត្រពីកោះតៃវ៉ាន់។ ក្រសួងបន្ថែមទៀតថាកងកម្លាំងតៃវ៉ាន់ បានបន្តតាមដានស្ថានការណ៍ ជាមួយការដាក់ឱ្យកងកម្លាំងការពារដែនអាកាសប្រុងជើងការ តែមិនបានបញ្ជាក់អ្វីលម្អិតទេ។ ចំណែក ខាងក្រសួងការពារជាតិចិនវិញ ក៏មិនបានធ្វើអត្ថាធិប្បាយអ្វីនោះដែរ។

គួរបញ្ជាក់ថា កងកម្លាំងរ៉ុក្កែត គឺជាអង្គភាពយោធាមួយរបស់ចិនដែលទទួលបន្ទុកលើឃ្លាំងអាវុធធម្មតា និងមីស៊ីលនុយក្លេអ៊ែរ៕