(សេអ៊ូល)៖ ក្រសួងការបរទេសកូរ៉េខាងជើង នៅថ្ងៃសៅរ៍ ទី១៣ ខែកក្កដានេះបានថ្កោលទោសយ៉ាងខ្លាំង លើសេចក្ដីថ្លែងការណ៍មួយរបស់បក្សសម្ព័ន្ធយោធា NATO ដែល បានចោទប្រកាន់ទីក្រុងព្យុងយ៉ាងថាកំពុងគាំទ្រសង្រ្គាមរបស់រុស្ស៉ីនៅអ៊ុយក្រែន តាមរយៈការផ្ដល់ជំនួយយោធាដោយផ្ទាល់ដល់ទីក្រុងមូស្គូ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ក្រុមមេដឹកនាំ NATO នៅឯកិច្ចប្រជុំកំពូលក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្ដាហ៍នេះបានសង្កត់ធ្ងន់ឡើងវិញពីការសន្យាផ្ដល់សមាជិកភាពសម្រាប់អ៊ុយក្រែន និងបានរិះគន់ចិន កូរ៉េខាងជើង រួមទាំងអ៉ីរ៉ង់ចំពោះការគាំទ្រដល់រុស្ស៉ី។ ប៉ុន្តែ អ្នកនាំពាក្យម្នាក់មកពីក្រសួងការបរទេសកូរ៉េខាងជើង បានច្រានចោលការរិះគន់ និងចោទប្រកាន់ថា NATO ទៅវិញទេ ដែលកំពុងបង្កការគំរាមកំហែងដល់សន្តិភាពពិភពលោក។ តាមរយៈការដកស្រង់សម្ដីពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA អ្នកនាំពាក្យរូបនេះបានគូសបញ្ជាក់ដូច្នេះថា «សេចក្ដីថ្លែងការណ៍កិច្ចប្រជុំកំពូលទីក្រុងវ៉ាស៊ីនតោន ដែលត្រូវបានរៀបចំឡើង និងប្រកាសជាសាធារណៈកាលពីថ្ងៃទី១០ ខែកក្កដា បានបង្ហាញថាសហរដ្ឋអាមេរិក និង NATO គឺជាអ្នកបង្កឱ្យមានការប្រឈមមុខដាក់គ្នា ព្រមទាំងបង្កការគំរាមកំហែងដល់សន្តិសុខ និងសន្តិភាពពិភពលោក»។
តាមអ្នកនាំពាក្យរូបនេះដដែល សកម្មភាពរបស់សហរដ្ឋអាមេរិកក្នុងការពង្រីកប្លុកយោធាជាមួយបណ្ដាប្រទេស NATO និងប្រទេសមួយចំនួនក្នុងតំបន់អាស៊ី ក្នុងនោះរួមមាន ទាំងកូរ៉េខាងត្បូង និងជប៉ុន ជាដើមហេតុនៃការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាពក្នុងតំបន់ ហើយជាពិសេសនោះគឺកំពុងបង្កឱ្យមានការរត់ប្រណាំងសព្វាវុធ៕