(ម៉ូស្គូ)៖ ក្រសួងគ្រាអាសន្នរុស្ស៊ីបានប្រកាសថា យន្តហោះដឹកអ្នកដំណើរ Sukhoi Superjet 100 បានធ្លាក់នៅក្នុងព្រៃក្បែរទីក្រុង Kolomna នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។ សមាជិកនាវិកទាំងបីនាក់ត្រូវបានសន្មត់ថាបានស្លាប់ ប៉ុន្តែមិនមានអ្នកដំណើរណាម្នាក់នៅលើយន្តហោះនោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ីបានរាយការណ៍ថា យន្តហោះនេះបានធ្វើការហោះហើរសាកល្បងបន្ទាប់ពីការជួសជុលរួច និងជាកម្មសិទ្ធិរបស់ក្រុមហ៊ុន Gazpromavia ដែលជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ជាច្រើនដែលគ្រប់គ្រងដោយក្រុមហ៊ុនឧស្ម័នយក្ស Gazprom។
គួរបញ្ជាក់ថា រុស្ស៊ីបានអភិវឌ្ឍយន្តហោះ Sukhoi Superjet 100 ដែលជាយន្តហោះដឹកអ្នកដំណើរក្នុងតំបន់អស់មួយរយៈពេលមកហើយ ដើម្បីជំនួសយន្តហោះដែលផលិតនៅលោកខាងលិច។ បន្ទាប់ពីទទួលរងនូវការដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរដោយសារតែការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ រុស្ស៊ីបានជួបការលំបាកក្នុងការជំនួសយន្តហោះចាស់ៗរបស់ខ្លួន៕