(ប៉េកាំង)៖ ប្រទេសចិនបានប្រកាសនៅថ្ងៃសុក្រនេះថា ខ្លួនកំពុងធ្វើសមយុទ្ធយោធារួមគ្នាជាមួយរុស្ស៊ី នៅតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងរបស់ខ្លួន។ សកម្មភាពនេះធ្វើឡើងបន្ទាប់ពីសម្ព័ន្ធភាពយោធាដឹកនាំដោយសហរដ្ឋអាមេរិក បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន និងប្រទេសជប៉ុនបានព្រមានអំពីការគំរាមកំហែងកាន់តែខ្លាំងឡើង ពីទំនាក់ទំនងដ៏រឹងមាំរបស់ប៉េកាំងជាមួយទីក្រុងម៉ូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤។
ក្រសួងការពារជាតិចិនបានឱ្យដឹងថា កងទ័ពទាំងពីរបានចាប់ផ្តើមធ្វើសមយុទ្ធដែលមានឈ្មោះថា Joint Sea-2024 កាលពី «ដើមខែកក្កដា» ហើយនឹងបន្តរហូតដល់ពាក់កណ្តាលខែនេះ។
ក្រសួងបានគូសបញ្ជាក់ទៀតថា សមយុទ្ធនៅក្នុងដែនទឹក និងដែនអាកាសជុំវិញទីក្រុង Zhanjiang ខេត្ត Guangdong ភាគខាងត្បូង គឺ «ដើម្បីបង្ហាញពីការតាំងចិត្ត និងសមត្ថភាពនៃភាគីទាំងពីរក្នុងការដោះស្រាយរួមគ្នានូវការគំរាមកំហែងសន្តិសុខសមុទ្រ និងរក្សាសន្តិភាព និងស្ថិរភាពនៅលើពិភពលោក និងក្នុងតំបន់»។ សមយុទ្ធនេះ «នឹងជួយពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន និងរុស្ស៊ី សម្រាប់សម័យកាលថ្មី»។
ជាមួយគ្នានេះ កងកម្លាំងចិន ក៏កំពុងធ្វើសមយុទ្ធនៅសប្តាហ៍នេះជាមួយបេឡារុស ដែលជាសម្ព័ន្ធមិត្តមួយផ្សេងទៀតរបស់រុស្ស៊ី នៅតាមព្រំដែនភាគខាងកើតរបស់ NATO ផងដែរ។
គួរបញ្ជាក់ថា សេចក្តីប្រកាសនេះបានធ្វើឡើង ស្របពេលដែលមេដឹកនាំ NATO បានប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ដើម្បីបញ្ជាក់ជាថ្មីនូវការគាំទ្រចំពោះអ៊ុយក្រែនក្នុងការឈ្លានពានរបស់រុស្ស៊ី។ ទំនាក់ទំនងរវាងចិន និងរុស្ស៊ីកាន់តែរឹងមាំក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយចាត់ទុកមិត្តភាពរបស់ពួកគេថា «គ្មានដែនកំណត់» ខណៈភាគីទាំងពីរមានទំនាក់ទំនងអរិភាពជាមួយអង្គការយោធាលោកខាងលិច NATO។
ក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ មេដឹកនាំ NATO បាននិយាយថា ប្រទេសចិនបាន «ក្លាយជាអ្នកជួយដ៏សំខាន់» ចំពោះការឈ្លានពានរបស់ទីក្រុងម៉ូស្គូលើអ៊ុយក្រែន៕