(ប៉េកាំង)៖ ព្រឹកថ្ងៃទី ១១ ខែកក្កដា ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានរៀបចំសន្និសីទកាសែត ដើម្បីចេញផ្សាយសៀវភៅស ស្តីពី «ការការពារបរិស្ថានអេកូឡូស៊ីសមុទ្ររបស់ប្រទេសចិន»។ សៀវភៅសបានអធិប្បាយជាប្រព័ន្ធនូវគំនិត ការអនុវត្តនិងសមិទ្ធផលរបស់ប្រទេសចិនក្នុងការការពារបរិស្ថានអេកូឡូស៊ីសមុទ្រ។

សៀវភៅសបានចែងថា ប្រទេសចិនបានលើកឡើងមុនគេបង្អស់ និងកំណត់ខ្សែបន្ទាត់ក្រហម នៃការការពារបរិស្ថានអេកូឡូស៊ី ធ្វើឱ្យមានសុក្រឹតភាពនូវប្រព័ន្ធតំបន់អភិរក្សដែនសមុទ្រ អនុវត្តគម្រោងសំខាន់ៗសម្រាប់អភិរក្ស និងស្តារអេកូឡូស៊ីសមុទ្រ ដែលបានពង្រឹងពិពិធកម្ម ស្ថិរភាពនិងចីរភាពនៃប្រព័ន្ធអេកូឡូស៊ី។ ប្រទេសចិនបានបន្តធ្វើឱ្យច្បាប់និងបទប្បញ្ញត្តិ និងប្រព័ន្ធរបបមានសុក្រឹតភាពឥតឈប់ឈរ ប្រើមធ្យោបាយស្ទង់ពិនិត្យនិងឃ្លាំមើលចម្រុះ ដើម្បីជំរុញការស្ទង់ពិនិត្យ និងប្រកាសសញ្ញាព្រមាន ខាងអេកូឡូស៊ីសមុទ្រ លើកកម្ពស់សមត្ថភាពបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយសមុទ្រ សំដៅបង្កើតជារបាំងសន្តិសុខ សម្រាប់ការពារអេកូឡូស៊ីសមុទ្រ។

សូមជម្រាបថា ចាប់ពីឆ្នាំ ២០១២ មក ប្រទេសចិនបានចូលរួមយ៉ាងសកម្មនូវការតាក់តែងបទប្បញ្ញត្តិអន្តរជាតិ ដូចជាការពារបរិស្ថាននិងថែទាំប្រភពធនធានជាដើម ដើម្បីបន្ស៊ីគ្នាជាមួយដំណើរការកិច្ចសហប្រតិបត្តិការសំខាន់ៗ ដូចជារបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ ២០៣០ នៃអ.ស.ប. និងផែនការ" ១០ឆ្នាំនៃសមុទ្រ "របស់អ.ស.ប.។ កិច្ចសហប្រតិបត្តិការស្តីពី"ទំនាក់ទំនងភាពជាដៃគូពណ៌ខៀវ" កាន់តែប្រកបដោយភាពរស់រវើក ដែលបានរួមចំណែកជាតម្រិះប្រាជ្ញា ដល់ការឆ្លើយតបដោយសមរម្យ ចំពោះការប្រឈមខាងបរិស្ថានអេកូឡូស៊ីសមុទ្រជាសកល៕

វិទ្យុមិត្តភាពកម្ពុជាចិន