(ប៉េកាំង)៖ ថ្ងៃទី១០ ខែកក្កដា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី៨ខែកក្កដា «របាយការណ៍ស្តីពីការស៊ើបអង្កេតអំពីករណីដែលនាវាចម្បាំងហ្វីលីពីន ទុកចោលដោយខុសច្បាប់នៅថ្មប៉ប្រះទឹក Ren’ai បានបំផ្លាញដល់ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក» ដែលចងក្រងដោយ ក្រសួងធនធានធម្មជាតិចិនបានលើកឡើងថា នាវាចម្បាំងហ្វីលីពីនដែលទុកចោលដោយខុសច្បាប់ បានបំផ្លាញយ៉ាងខ្លាំងដល់ជីវចម្រុះ ស្ថិរភាពនិងនិរន្តរភាពនៃប្រព័ន្ធអេកូឡូស៊ី នៃផ្កាថ្មប៉ប្រះទឹក Ren’ai។
តាមការផ្សាយដំណឹងឱ្យដឹងថា ភាគីហ្វីលីពីនបានចេញផ្សាយសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី៩ខែកក្កដា ដោយចោទថា ចិនជាអ្នកបង្កការបំផ្លិចបំផ្លាញដែលមិនអាចស្រោចស្រង់បាន ចំពោះផ្កាថ្មប៉ប្រះទឹកនៅសមុទ្រចិនខាងត្បូង។ តើភាគីចិនមានការអត្ថាធិប្បាយ យ៉ាងណាចំពោះរឿងនេះ?
លោក Lin Jian បានថ្លែងថា របាយការណ៍ដែលភាគីចិន បានចេញផ្សាយបានបង្ហាញយ៉ាងច្បាស់លាស់ថា កត្តាសំខាន់ដែលបណ្តាលឱ្យ ប្រព័ន្ធអេកូឡូស៊ីនៃផ្កាថ្មប៉ប្រះទឹក Ren’ai រងការបំផ្លិចបំផ្លាញគឺការទុកចោលនាវាចម្បាំងដោយខុសច្បាប់ របស់ហ្វីលីពីនព្រមទាំងសកម្មភាពពាក់ព័ន្ធរបស់ពួកគេ។ នេះជាសេចក្តីសន្និដ្ឋានដែលឈរលើការពិតជាក់ស្តែង និងតាមរយៈការស៊ើបអង្កេតតាមបែបវិទ្យាសាស្ត្រ។ ភាគីចិនទាមទារឱ្យភាគីហ្វីលីពីនអូសនាវាចម្បាំង ដែលទុកចោលដោយខុសច្បាប់ នៅថ្មប៉ប្រះទឹក Ren’ai ចេញ ដើម្បីចៀសវាងបន្តបំផ្លិចបំផ្លាញដល់បរិស្ថានអេកូឡូស៊ីនៅថ្មប៉ប្រះទឹក Ren’ai៕
វិទ្យុមិត្តភាពកម្ពុជាចិន