(ប៉េកាំង)៖ ចិន បានសម្តែងការមិនពេញចិត្ត ចំពោះសេចក្តីថ្លែងការណ៍មួយរបស់សហភាពអឺរ៉ុប (EU) អំពីសមុទ្រចិនខាងត្បូង ដោយនិយាយថា ខ្លឹមសារនៃលិខិតនោះមិនអើពើនឹងប្រវត្តិសាស្ត្រ ហើយប្រាសចាកពីការពិតនៃបញ្ហា។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០២៤។
នៅថ្ងៃសុក្រនេះ EU បានចេញសេចក្តីថ្លែងការណ៍ ដើម្បីរំលឹកដល់ដំណោះស្រាយបញ្ហាទំនាស់ហ្វីលីពីន-ចិន នៅសមុទ្រចិនខាងត្បូង ក្នុងថ្ងៃខួបនៃការទទួលស្គាល់អធិបតេយ្យភាពតំបន់ ដែលគ្រប់គ្រងដោយហ្វីលីពីន និងដែលត្រូវបានប្រទេសចិនបដិសេធ។ បេសកកម្មចិនប្រចាំសហភាពអឺរ៉ុប បានលើកឡើងថា ចិនមានការមិនពេញចិត្តជាខ្លាំង និងប្រឆាំងដាច់ខាតចំពោះសេចក្តីថ្លែងការណ៍នោះ និងសូមដាក់កំណត់ទូតតវ៉ាទៅកាន់សហភាពអឺរ៉ុប។
ប្រទេសចិន ក៏បានលើកឡើងផងដែរថា សហភាពអឺរ៉ុបគួរតែច្បាស់លាស់អំពីការពិត ប្រកបដោយវត្ថុបំណង និងយុត្តិធម៌ មានការគោរពសិទ្ធិ និងផលប្រយោជន៍របស់ភាគីចិន ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងរបស់បណ្តាប្រទេសក្នុងតំបន់ដើម្បីសន្តិភាព និងស្ថិរភាព៕