(ហ្សឺណែវ)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ អង្គការសុខភាពពិភពលោក WHO បានឱ្យដឹងថា ជំងឺ COVID-19 នៅតែកំពុងបន្តសម្លាប់មនុស្សប្រហែល ១,៧០០នាក់ ក្នុងមួយសប្តាហ៍នៅជុំវិញពិភពលោក ហើយបានទទូចឱ្យក្រុមអ្នករងហានិភ័យខ្ពស់ រក្សាការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០២៤។
អគ្គនាយកអង្គការ WHO លោក Tedros Adhanom Ghebreyesus បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថា ទោះបីនៅមានអ្នកបន្តបាត់បង់ជីវិតក៏ដោយ ទិន្នន័យបានបង្ហាញថា ការចាក់វ៉ាក់សាំងបានថយចុះគួរឱ្យកត់សម្គាល់ ក្នុងចំណោមបុគ្គលិកសុខាភិបាល និងអ្នកដែលមានវ័យលើស៦០ឆ្នាំ ខណៈក្រុមបុគ្គលទាំង២នេះ ស្ថិតក្នុងចំណោមក្រុមងាយរងហានិភ័យបំផុត។ WHO ណែនាំឱ្យអ្នកស្ថិតក្នុងក្រុមប្រឈមហានិភ័យខ្ពស់បំផុត បន្តទទួលការចាក់វ៉ាក់សាំងកូវីដ ក្នុងរយៈពេលមិនគួរលើសពី១២ខែ បន្ទាប់ពីចាក់ដូសចុងក្រោយ។
គួរបញ្ជាក់ថា ករណីស្លាប់ដោយសារជំងឺកូវីដសរុបជាង៧លាននាក់ ត្រូវបានរាយការណ៍មកកាន់ WHO ប៉ុន្តែតួលេខពិតប្រាកដជាក់ស្តែង ត្រូវគេជឿជាក់ថា ខ្ពស់ជាងនេះឆ្ងាយណាស់។ លោក Tedros បានប្រកាសបិទបញ្ចប់ COVID-19 ជាភាពអាសន្នសុខភាពសាធារណៈអន្តរជាតិ កាលពីខែឧសភា ឆ្នាំ២០២៣ ពោលគឺជាង៣ឆ្នាំ ចាប់ពីពេលដែលជំងឺនេះ ត្រូវបានប្រទះឃើញជាលើកដំបូង ក្នុងទីក្រុង Wuhan នៃប្រទេសចិន កាលពីចុងឆ្នាំ២០១៩៕