(ស៉ីដនី)៖ ក្រុមមន្រ្តីកំពូលៗនិយាយថា ប៉ូលិសអូស្រ្តាលី បានចោទប្រកាន់ប្តីប្រពន្ធមួយគូពីការប៉ុនប៉ងធ្វើចារកម្មឱ្យរុស្ស៉ី ដោយនិយាយថា ពួកគេបានលួចយកឯកសារតាមកុំព្យូរទ័រ ដែលទាក់ទងនឹងវិស័យការពារជាតិ សម្រាប់គោលបំណងផ្តល់ទៅឱ្យទីក្រុងមូស្គូ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០២៤។
ស្នងការប៉ូលិសសហព័ន្ធ លោក Reece Kershaw បានប្រាប់សន្និសីទសារព័ត៌មានថា បុរសជាប្តីអាយុ ៦២ឆ្នាំ និងប្រពន្ធអាយុ ៤០ឆ្នាំ កាន់លិខិតឆ្លងដែនរុស្ស៉ី ត្រូវចោទប្រកាន់ថាបានរៀបគម្រោងធ្វើចារកម្ម។ ស្ត្រីជាប្រពន្ធ គឺជាអ្នកបម្រើការឯកជននៅក្នុងជួរកងកម្លាំងការពារជាតិអូស្ត្រាលី ហើយបានធ្វើការនៅទីនោះជាច្រើនឆ្នាំ ក្នុងនាមជាអ្នកបច្ចេកទេសផ្នែកប្រព័ន្ធព័ត៌មាន។ នាងបានធ្វើដំណើរទៅកាន់ប្រទេសរុស្ស៉ី ដោយមិនបានជូនដំណឹងដល់កងកម្លាំងការពារជាតិ អំឡុងពេលឈប់សម្រាករយៈពេលវែងរបស់នាង។
អំឡុងពេលស្ថិតនៅក្នុងប្រទេសរុស្ស៉ី នាងត្រូវបានគេចោទប្រកាន់ថា បានប្រាប់ប្តីរបស់នាង អំពីរបៀបចូលទៅក្នុងគណនីផ្លូវការរបស់នាង។ ដូច្នេះលោក Kershaw បញ្ជាក់ថា «យើងចោទប្រកាន់បុរសជាប្តី ពីការរៀបគម្រោងយកឯកសារ ដើម្បីផ្ញើរទៅឱ្យប្រពន្ធនៅរុស្ស៉ី។ ចំណែក បញ្ហាត្រង់ថាព័ត៌មាននោះត្រូវបានប្រគល់ឱ្យដល់ដៃឬនៅ គឺកំពុងស្ថិតក្រោមការស៉ើបអង្កេត។ បទចោទនេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារអតិបរមា ១៥ឆ្នាំ។
គួរបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះ គឺជាអ្នកដែលបានរស់នៅក្នុងប្រទេសអូស្រ្តាលីលើសពី ១០ឆ្នាំ ហើយទទួលបានសញ្ជាតិអូស្រ្តាលី។ ពួកគេត្រូវចាប់ខ្លួនក្នុងផ្ទះ នៅឯទីក្រុង Brisbane កាលពីថ្ងៃព្រហស្បតិ៍ ហើយនឹងត្រូវបង្ហាញខ្លួននៅតុលាការក្រុង magistrates នាថ្ងៃសុក្រនេះ៕