(វ៉ាស៉ីនតោន)៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយនៅថ្ងៃសុក្រនេះថា អង្គការណាតូ (NATO) មិនអាចបន្តភាពជាដៃគូរបស់ខ្លួនជាមួយរដ្ឋាភិបាលអ៉ីស្រាអែលបានទេ ហើយតួកគីនឹងមិនយល់ព្រម លើកិច្ចសហប្រតិបត្តិការណាមួយរបស់ NATO ជាមួយអ៉ីស្រាអែលដែរ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០២៤។
ថ្លែងនៅឯសន្និសីទអំឡុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូ លោក Erdogan បញ្ជាក់ថា «បំណងធ្វើកិច្ចសហប្រតិបត្តិការជាមួយអ៉ីស្រាអែល នៅក្នុងអង្គការណាតូ នឹងមិនត្រូវបានអនុម័តដោយតួកគីទេ រហូតទាល់តែសន្តិភាពពេញលេញ និងនិរន្តរភាពត្រូវបានបង្កើតឡើង នៅដែនដីប៉ាឡេស្ទីន»។
គួរបញ្ជាកថា ទំនាក់ទំនងរវាងតួកគី និងអ៉ីស្រាអែលកាន់តែល្អក់កករទៅ បន្ទាប់ពី លោក Erdogan កាលពីខែឧសភា បានសម្រេចផ្អាកការធ្វើពាណិជ្ជកម្មទាំងអស់របស់ខ្លួនជាមួយអ៉ីស្រាអែល ជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា។ ក្នុងសប្តាហ៍នេះ ការិយាល័យលោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ក៏បានស្នើឱ្យមានការហាមឃាត់ទាំងស្រុង នូវការនាំចូលដោយផ្ទាល់ពីតូកគី មកកាន់អ៉ីស្រាអែលផងដែរ៕