(តូក្យូ)៖ នៅថ្ងៃសុក្រនេះ ប្រទេសជប៉ុន បានព្រមានថា ចិនកំពុងប្រថុយនឹងការកើនឡើងនូវភាពតានតឹងជាមួយតៃវ៉ាន់ តាមរយៈសមយុទ្ធយោធារបស់ខ្លួន នៅក្បែរកោះតៃវ៉ាន់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០២៤។

ការវាយតម្លៃប្រចាំឆ្នាំរបស់ជប៉ុនលើការគំរាមកំហែងផ្នែកសន្តិសុខ រួមទាំងការគំរាមកំហែងដោយប្រទេសជិតខាងចិន កូរ៉េខាងជើង និងរុស្ស៉ី ត្រូវបានធ្វើឡើងនៅពេលដែលតៃវ៉ាន់ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់លើសមយុទ្ធដែនអាកាស និងតាមសមុទ្ររបស់ចិន រួមទាំងវត្តមាននាវាផ្ទុកយន្តហោះ នៅក្បែរតំបន់ប៉ាស៉ីហ្វិកផងដែរ។

នៅក្នុងសៀវភៅ ស ស្តីពីវិស័យការពារជាតិឆ្នាំ២០២៤ ជប៉ុនបានលើកឡើងថា «ដោយសារតែការកើនឡើងនៃសកម្មភាពយោធានោះ យើងមិនអាចកាត់បន្ថយលទ្ធភាពនៃការកើតមាននូវភាពតានតឹងបាននោះទេ។ សមយុទ្ធស៊េរីថ្មីនេះ និងសមយុទ្ធនៅច្រកសមុទ្រតៃវ៉ាន់ ពីសំណាក់យោធាចិនកាលពីឆ្នាំមុន គឺជាអ្វីឧត្តមសេនីយជាន់ខ្ពស់អាមេរិកម្នាក់ ធ្លាប់និយាយថា នឹងក្លាយជាគន្លឹះក្នុងការឈ្លានពានណាមួយ។

រីឯ កូរ៉េខាងជើងកំពុងប៉ុនប៉ង បង្កើនសមត្ថភាពវាយប្រហារដោយនុយក្លេអ៊ែរ ជាមួយនិងផ្កាយរណបស៉ើបការណ៍ ក៏ដូចជាមីស៉ីលទំនើបៗ ដែលមានខ្លះអាចវាយប្រហារដល់គោលដៅនៅសហរដ្ឋអាមេរិក។ ដោយឡែក រុស្ស៉ីក៏ជាក្តីបារម្ភមួយដែរ ដោយសារតែទំនាក់ទំនងយោធារបស់ខ្លួនជាមួយចិន ហើយថ្មីៗនេះជាមួយកូរ៉េខាងជើង ដែលចាប់ផ្តើមដោយការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងគ្រាប់រំសេវផ្សេងទៀត ដល់កងកម្លាំងដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។

គួរបញ្ជាក់ថា ការព្រមានរបស់ទីក្រុងតូក្យូ ធ្វើឡើងនៅពេលដែលសមាជិកណាតូ ជួបប្រជុំគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន ហើយបានពណ៌នាពីចិនថា ជាអ្នកដែលអាចសម្រេចជុំវិញសង្គ្រាមរបស់រុស្ស៉ីនៅអ៊ុយក្រែន និងចាត់ទុកប៉េកាំងថានៅតែជាអ្នកបន្តបង្កបញ្ហាជាប្រព័ន្ធ ដល់អឺរ៉ុប និងសន្តិសុខ។ ការ​លើក​ឡើង​នេះ ​បាន​ធ្វើឱ្យទីក្រុង​ប៉េកាំងខឹងសម្បារយ៉ាងខ្លាំង៕