(វ៉ាស៉ីនតោន)៖ សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានប្រកាសពីកញ្ចប់ជំនួយសន្តិសុខថ្មីមួយទៀតសម្រាប់អ៊ុយក្រែន ចំនួន ២២៥លានដុល្លារ ដែលនឹងរួមបញ្ចូលនូវមីស៉ីលនៃប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់រំសេវសម្រាប់ប្រព័ន្ធកាំភ្លើងធំ ក៏ដូចជាមីស៉ីល ក្នុងចំណោមអាវុធផ្សេងៗទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ ២០២៤។
ទីក្រុងវ៉ាស៉ីនតោន ដែលជាអ្នកគាំទ្រដ៏ធំបំផុតរបស់អ៊ុយក្រែន បានផ្តល់ជំនួយយោធាជាង ៥០ពាន់លានដុល្លារមកហើយដល់ទីក្រុងកៀវ គិតចាប់តាំងពីសង្រ្គាផ្ទុះឡើងកាលពីឆ្នាំ ២០២២។ ប៉ុន្តែការផ្តល់ជំនួយនោះត្រូវពន្យារពេលអស់ជាច្រើនខែ នៅក្នុងរដូវរងារ ហើយលោក Zelenskiy និយាយថា កង្វះខាតអាវុធកំពុងផ្តល់ឱកាសដល់រុស្ស៉ី មានប្រៀបក្នុងសមរភូមិ។
ក្នុងជំនួបទ្វេភាគី នៅមុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ (NATO) ប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy យ៉ាងដូច្នេះថា «យើងនឹងនៅជាមួយអ្នក ក្នុងរយៈពេលនេះ»។ បើតាម លោក Zelenskiy លោកក៏បានពិភាក្សាជាមួយ លោក Biden ផងដែរអំពីរបៀបដើម្បីសម្រេចបាននូវការបញ្ចប់សង្រ្គាមជាមួយរុស្ស៉ី ហើយអំពាវនាវឱ្យមានកិច្ចប្រជុំកំពូលស្តីពីសន្តិភាពអ៊ុយក្រែន ជុំទីពីរនៅក្នុងឆ្នាំនេះ។
គួរបញ្ជាក់ថា កាលពីខែមេសា សភាអាមេរិកបានអនុម័តលើការផ្តល់ជំនួយយោធាចំនួន ៦១ពាន់លានដុល្លាររួចមកហើយ សម្រាប់អ៊ុយក្រែន។ ម្តងហើយម្តងទៀត អ៊ុយក្រែនបានអំពាវនាវឱ្យដៃគូផ្តល់ប្រព័ន្ធការពារដែនអាកាស ខណៈកំពុងប្រឈមមុខនឹងការវាយប្រហាររបស់រុស្ស៉ី លើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធថាមពល៕