(តូក្យូ)៖ នាវាពិឃាតរបស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានចូលទៅក្នុងដែនទឹករបស់ប្រទេសចិនក្បែរកោះតៃវ៉ាន់ ដោយមិនបានជូនដំណឹងដល់ប្រទេសចិនជាមុន ដែលបង្កឱ្យទីក្រុងប៉េកាំងធ្វើការតវ៉ាជាផ្លូវការ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។
កាលពីថ្ងៃទី៤ ខែកក្កដា នាវាពិឃាត Suzutsuki របស់កងកម្លាំងស្វ័យការពារជើងទឹកជប៉ុន បានបើកចូលទៅក្នុងដែនទឹករបស់ប្រទេសចិន នៅក្នុងខេត្ត Zhejiang ជាកន្លែងដែលប្រទេសចិនបាននិយាយថា នឹងធ្វើសមយុទ្ធកងទ័ពជើងទឹក។ នាវាពិឃាតនេះត្រូវបានប្រគល់ភារកិច្ចត្រួតពិនិត្យសមយុទ្ធមីស៊ីលរបស់ចិន នៅសមុទ្រចិនខាងកើតភាគខាងជើងនៃកោះតៃវ៉ាន់។
នាវាពិឃាត Suzutsuki បានបើកក្នុងចម្ងាយ ២២គីឡូម៉ែត្រពីឆ្នេរសមុទ្រ Zhejiang អស់រយៈពេលប្រហែល ២០នាទី ទោះបីជាមានការព្រមានពីនាវាចិនក៏ដោយ។ ទីក្រុងប៉េកាំងបានបង្ហាញ «ក្តីបារម្ភយ៉ាងខ្លាំង» ទៅកាន់ទីក្រុងតូក្យូអំពីឧប្បត្តិហេតុនេះ។
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian បានប្រាប់ក្នុងសន្និសីទសារព័ត៌មានថា ចិនបានដាក់ពាក្យបណ្តឹងជាផ្លូវការទៅកាន់ភាគីជប៉ុន ទាក់ទងនឹង «សកម្មភាពខុសច្បាប់និងមិនសមរម្យ» របស់នាវាចម្បាំងជប៉ុន។ ភាគីជប៉ុនបានពន្យល់ថា វាជាកំហុសបច្ចេកទេស។
គួរបញ្ជាក់ថា ការចូលទៅក្នុងដែនទឹកដីចិនដោយនាវាជប៉ុននេះ បានកើតឡើងក្នុងបរិបទដែលមានភាពតានតឹងរវាងចិន និងតៃវ៉ាន់កាន់តែខ្លាំងឡើង ក៏ដូចជាភាពតានតឹងនៅក្នុងតំបន់សមុទ្រចិនខាងត្បូង។ នេះបង្ហាញពីភាពស្មុគស្មាញនៃស្ថានការណ៍សន្តិសុខនៅក្នុងតំបន់ និងហានិភ័យនៃការប៉ះទង្គិចគ្នាដោយចៃដន្យ៕