(អង់ការា)៖ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ប្រធានាធិបតីអាមេរិក លោក Joe Biden និងរដ្ឋបាលរបស់លោក មានការជាប់ទាក់ទងនឹងក្នុងអ្វីដែលលោកបានពិពណ៌នាថា ជាឧក្រិដ្ឋកម្មសង្រ្គាមរបស់អ៊ីស្រាអែល និងការរំលោភច្បាប់អន្តរជាតិនៅក្នុងជម្លោះហ្គាហ្សា ហើយបានអំពាវនាវឱ្យដាក់ទណ្ឌកម្មលើអ៊ីស្រាអែល។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤។

នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្ដី Newsweek ក្នុងអំឡុងពេលកិច្ចប្រជុំកំពូលរបស់អង្គការណាតូនៅទីក្រុងវ៉ាស៊ីនតោន លោក Erdogan បាននិយាយថា «ការសម្លាប់ជនស៊ីវិលយ៉ាងព្រៃផ្សៃ» របស់អ៊ីស្រាអែល និងការវាយប្រហាររបស់ខ្លួនទៅលើមន្ទីរពេទ្យ មជ្ឈមណ្ឌលផ្តល់ជំនួយ និងកន្លែងផ្សេងទៀតគឺជាឧក្រិដ្ឋកម្មសង្គ្រាម។

លោក Erdogan ត្រូវបានគេដកស្រង់សម្តីដោយនិយាយថា «ប៉ុន្តែរដ្ឋបាលអាមេរិកមិនអើពើនឹងការរំលោភទាំងនេះ ហើយផ្តល់ឱ្យអ៊ីស្រាអែលនូវចំនួនទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់។ ពួកគេធ្វើបែបនេះពិតជាបានជាប់ទាក់ទងនឹងការរំលោភទាំងនេះ»

ប្រធានាធិបតីតួនគីរូបនេះ បាននិយាយទៀតថា «ក្នុងដំណាក់កាលនេះ តើអ្នកណានឹងដាក់ទណ្ឌកម្មប្រឆាំងនឹងអ៊ីស្រាអែល ចំពោះការបំពានច្បាប់អន្តរជាតិ? នេះគឺជាសំណួរពិត ហើយគ្មាននរណាម្នាក់អាចឆ្លើយវាបានទេ»

អ៊ីស្រាអែលតែងតែបដិសេធការចោទប្រកាន់ថា ខ្លួនបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនៅក្នុងការប្រយុទ្ធរបស់ខ្លួន ប្រឆាំងនឹងចលនាហាម៉ាសប៉ាឡេស្ទីននៅតំបន់ហ្គាហ្សាស្ទ្រីប។

គួរបញ្ជាក់ថា តួកគីដែលជាសមាជិកណាតូ បានថ្កោលទោសការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា បញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយអ៊ីស្រាអែល ហើយបានសម្តែងការគាំទ្រចំពោះក្រុមហាម៉ាស់។ ប្រទេសនេះរិះគន់ប្រទេសលោកខាងលិចម្តងហើយម្តងទៀត ចំពោះការគាំទ្រអ៊ីស្រាអែល ហើយបានអំពាវនាវឱ្យអ៊ីស្រាអែលទទួលទណ្ឌកម្មនៅចំពោះមុខតុលាការអន្តរជាតិ៕