(មូស្គូ)៖ អនុរដ្ឋមន្រ្តីការបរទេស លោក Sergei Ryabkov ត្រូវបានដកស្រង់សម្តីដោយប្រព័ន្ធផ្សព្វផ្សាយ Interfax នៅថ្ងៃព្រហស្បតិ៍នេះថា រុស្ស៉ីនឹងដាក់ចេញនូវរបៀបឆ្លើយតបដោយយោធា ចំពោះគម្រោងដាក់ពង្រាយអាវុធបាញ់បានចម្ងាយឆ្ងាយ របស់សហរដ្ឋអាមេរិក នៅលើទឹកដីអាល្លឺម៉ង់។ ​នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃពុធសប្តាហ៍នេះ សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ប្រកាសថានឹងចាប់ផ្តើមដាក់ពង្រាយសព្វាវុធ ដែលមានសមត្ថភាពបាញ់បានចម្ងាយឆ្ងាយ នៅក្នុងប្រទេសអាល្លឺម៉ង់ នាឆ្នាំ ២០២៦ដើម្បីបង្ហាញការប្តេជ្ញាចិត្តរបស់ពួកគេ សម្រាប់អង្គការណាតូ (NATO) និងសហភាពអឺរ៉ុបក្នុងការវិស័យការពារជាតិ។ លោក Ryabkov ចាត់ទុកផែនការរបស់សហរដ្ឋអាមេរិក ជាជំហានបង្កភាពតានតឹងជាមួយរុស្ស៉ី។ លោកបានគូសបញ្ជាក់ដូច្នេះថា «ដោយគ្មានភាពស្ទាក់ស្ទើរ គ្មានមនោសញ្ចេតនា យើងនឹងអភិវឌ្ឍការឆ្លើយតបផ្នែកយោធា ចំពោះហ្គេមនេះ»

គួរបញ្ជាក់ថា សព្វាវុធទាំងនោះ នឹងរួមមានដូចជាមីស៉ីល SM-6 សម្រាប់ប្រឆាំងគោលដៅលើផ្ទៃអាកាស, មីស៉ីលគ្រូស Tomahawk ព្រមអាវុធល្បឿន​លឿនជាងសំឡេង ដែលមានសមត្ថភាពបាញ់បានឆ្ងាយ ជាងសព្វាវុធនានាដែលបំពាក់នៅអឺរ៉ុបសព្វថ្ងៃ៕