(ប៉េកាំង)៖ កិច្ចប្រជុំកំពូលនៃអង្គការណាតូ បានប្រារព្ធធ្វើនៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៩ខែកក្កដា តាមម៉ោងក្នុងតំបន់។ លោក Stoltenberg អគ្គលេខាធិការអង្គការណាតូបានថ្លែងថា “អង្គការណាតូត្រូវធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ជាមួយដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក” ដើម្បីទប់ស្កាត់ប្រទេសចិនជាដើម។ ពាក្យសម្តីបែបនេះត្រូវបានគេយល់ឃើញយ៉ាងទូលំទូលាយថា អង្គការណាតូគឺយកប្រទេសចិនធ្វើជាលេស ដើម្បីសម្រេចបាននូវឧបាយកល ដែលលូកដៃចូលតំបន់អាស៊ីប៉ាស៊ីហ្វិក និងគាំពារអនុត្តរភាពបែបអាមេរិក។
មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា ក្រោមបញ្ជារបស់អាមេរិក ប៉ុន្មានឆ្នាំចុងក្រោយនេះ កិច្ចប្រជុំកំពូលនៃអង្គការណាតូ បានចេញផ្សាយសេចក្តីថ្លែងការណ៍ ដោយឃោសនាបំប៉ោងយ៉ាងគឃ្លើននូវ "ការគំរាមកំហែងរបស់ចិន” ប៉ុនប៉ងចាត់ទុកប្រទេសចិនទៅជា "សត្រូវស្រមើស្រមៃ” ដើម្បីគំរាមកំហែងបណ្តាប្រទេសនៅអាស៊ីប៉ាស៊ីហ្វិក ឱ្យឈរនៅម្ខាងជាមួយខ្លួន។ ថ្នាក់ដឹកនាំជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់បានចូលរួម កិច្ចប្រជុំកំពូលនៃអង្គការណាតូដោយប្រក្រតី អាមេរិកក៏បានញុះញង់អុជអាលឱ្យមានបដិបក្ខគ្នា រវាងបណ្តាប្រទេសអាស៊ីប៉ាស៊ីហ្វិក ដើម្បីត្រៀមពន្លឿនការជ្រៀតជ្រែក កិច្ចការអាស៊ីប៉ាស៊ីហ្វិកតាមរយៈមធ្យោបាយយោធា។
បើមើលពីសំបកក្រៅ សកម្មភាពរបស់អាមេរិកក្នុងការបង្កើត "អង្គការណាតូមួយទៀតនៅអាស៊ីប៉ាស៊ីហ្វិក" បានធ្វើឡើងជាបន្តបន្ទាប់ ប៉ុន្តែ តាមពិតទៅ វាពិបាកណាស់ក្នុងការបង្កើតក្រុមសម្ព័ន្ធមិត្ត ដែលសំដៅចំពោះប្រទេសចិននៅទ្វីបអាស៊ី ហើយក៏កាន់តែគ្មានលទ្ធភាពបង្កើត អ្វីដែលហៅថានិម្មាបនកម្មសន្តិសុខថ្មីនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនោះដែរ។
ជាបឋម ប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក មិនទទួលយកនិងមិនស្វាគមន៍ឡើយ។ អាមេរិកបានចាត់ទុកអង្គការណាតូ ជាឧបករណ៍យុទ្ធសាស្រ្តសម្រាប់គាំពារអនុត្តរភាពរបស់ខ្លួន ប៉ុន្តែ ប្រទេសភាគច្រើននៅតំបន់អាស៊ីប៉ាស៊ីហ្វិក គឺស្អប់ខ្ពើមនិងប្រឆាំងអនុត្តរភាព ពួកគេមិនអាចទទួលយកអង្គការណាតូមួយ ដែលដាក់អនុត្តរភាពទៅលើអាស៊ីប៉ាស៊ីហ្វិក ដោយបង្ខំបានទេ។
បើមើលពីការពិតជាក់ស្តែង បច្ចុប្បន្ននេះ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនបានអូសបន្លាយជាបន្តបន្ទាប់ វាមានទំនាក់ទំនងដោយផ្ទាល់ ជាមួយអង្គការណាតូដែលបានយកសាំង មកចាក់លើភ្លើងឥតឈប់ឈរ។ ប្រការទាំងនេះបានបង្ហាញសញ្ញាប្រកាសអាសន្ន ទៅកាន់ប្រទេសអាស៊ីប៉ាស៊ីហ្វិកទាំងឡាយ។ ពេលថ្មីៗនេះ លោក Orbán Viktor នាយករដ្ឋមន្រ្តីហុងគ្រីបានចេញផ្សាយអត្ថបទ នៅ «News Week» អាមេរិក ដោយព្រមានថា ប្រសិនបើអង្គការណាតូបានជ្រើសរើសការប៉ះទង្គិច តែមិនមែនកិច្ចសហប្រតិបត្តិការ ជ្រើសរើសសង្រ្គាម តែមិនមែនសន្តិភាព នោះ វាហាក់ដូចជាការធ្វើអត្តឃាតខ្លួនឯង។
ទី២ នៅផ្ទៃក្នុងអង្គការណាតូ រដ្ឋសមាជិកដែលធ្វើពហិការ ចំពោះការលូកដៃចូលអាស៊ីប៉ាស៊ីហ្វិកក៏មិនតិចដែរ រដ្ឋសមាជិកនៅអឺរ៉ុបរបស់ អង្គការណាតូរំពឹងថា អង្គការណាតូអាចផ្តោតសំខាន់លើបញ្ហាសន្តិសុខរបស់ខ្លួន។ ពួកគេសម្គាល់ឃើញថា ការប្រើប្រាស់ប្រភពធនធាន របស់ប្រទេសខ្លួននៅតំបន់អាស៊ីប៉ាស៊ីហ្វិក វានឹងកាត់កម្សោយមុខងារសន្តិសុខ របស់អង្គការណាតូនៅទ្វីបអឺរ៉ុប។ លោកម៉ាក្រុង ប្រធានាធិបតីបារាំង បានរំលឹកឡើងវិញជាច្រើនលើកថា អឺរ៉ុបគួរស្វែងរក"ភាពម្ចាស់ការខាងយុទ្ធសាស្រ្ត”។ នៅឆ្នាំ២០២៣ លោកក៏បានព្រមានជាសាធារណៈថា អង្គការណាតូមិនត្រូវពង្រីកធំទៅខាងក្រៅអាត្លង់ទិកខាងជើងទេ។
ព្រមពេលជាមួយគ្នានេះ ទោះបីជាអង្គការណាតូឃោសនាបំប៉ោងយ៉ាងគឃ្លើនពី"ការគំរាមកំហែងរបស់ចិន”ក៏ដោយ ក៏នៅផ្ទៃក្នុងអង្គការនេះ រដ្ឋសមាជិកភាគច្រើនបានរក្សាទំនាក់ទំនងយ៉ាងនឹងនរជាមួយប្រទេសចិន ហើយប្រទេសភាគច្រើន នៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក៏ឯកភាពគ្នាថា ប្រទេសចិនជាយុថ្កានៃស្ថិរភាពនិងវិបុលភាពរបស់ តំបន់និងពិភពលោកទាំងមូល។ រីឯអង្គការណាតូបានអូសទាញជប៉ុន កូរ៉េខាងត្បូង អូស្រ្តាលីនិងនូវែលសេឡង់ជាដើម គឺមានការគិតពិចារណាពីផលប្រយោជន៍រៀងៗខ្លួន វាពិបាកណាស់ទៅលះបង់ចោល កិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយចិន ដើម្បីផ្គាប់ចិត្តអាមេរិក។
មិនថាអង្គការណាតូបានឃោសនាបំប៉ោងយ៉ាងណាក៏ដោយ ក៏វាមិនអាចបិទបាំងការពិតដែលខ្លួនឯង ទើបជាប្រភពគំរាមកំហែងដល់ ស្ថិរភាពពិភពលោកនោះឡើយ។អ្វីដែលហៅថា យុទ្ធសាស្រ្តឥណ្ឌូប៉ាស៊ីហ្វិករបស់អង្គការណាតូ គ្រាន់តែជាផែនការមួយ ដែលប៉ុនប៉ងចង់បង្កការបែកបាក់គ្នា ការប៉ះទង្គិចរហូតដល់សង្រ្គាម ក្នុងគោលបំណងបម្រើដល់អនុត្តរភាពអាមេរិក។ អង្គការណាតូដែលធ្វើផ្ទុយពីចរន្តយុគសម័យ ទីបំផុត វាពិតជានឹងទទួលបរាជ័យជាក់ជាមិនខាន៕
វិទ្យុមិត្តភាពកម្ពុជាចិន