(ហ្សាការតា)៖ នៅថ្ងៃព្រហស្បតិ៍នេះ តុលាការឥណ្ឌណេស៉ី បានកាត់ទោសអតីតរដ្ឋមន្រ្តីកសិកម្ម លោក Syahrul Yasin Limpo ឱ្យជាប់ពន្ធនាគាររយៈពេល ១០ឆ្នាំពីបទពុករលួយ ពាក់ព័ន្ធនឹងការធ្វើដំណើរតាមយន្តហោះឯកជន និងគ្រឿងអលង្ការសម្រាប់ភរិយាលោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤។
ក្រុមរដ្ឋអាជ្ញានិយាយថា លោក Limpo បានបង្ខំឱ្យមន្រ្តីនៅឯក្រសួងកសិកម្ម បង់លុយចំនួន ៤៤ពាន់លានរូពី ឬស្មើនឹង ២.៧២លានដុល្លារ សម្រាប់ការចំណាយផ្ទាល់ខ្លួនលោក។ ប្រធានចៅក្រម លោក Rianto Adam Pontoh និយាយថា លោក Limpo ត្រូវពិន័យជាប្រាក់ចំនួន ៣០០ពាន់លានរូពី ហើយត្រូវបង់ប្រាក់សំណងប្រហែល ១៤.៦ពាន់លានរូពី។ ដោយឡែក ជនជាប់ចោទពីរនាក់ទៀតក្នុងសំណុំរឿងនេះ និងជាអតីតមន្រ្តីជាន់ខ្ពស់នៅក្រសួងកសិកម្ម ក៏ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ ក្នុងម្នាក់ៗរយៈពេល ៤ឆ្នាំផងដែរ។
គួរបញ្ជាក់ថា លោក Limpo គឺជាមន្រ្តីទី ៦ហើយ នៅក្នុងគណៈរដ្ឋមន្រ្តីរបស់លោក Joko Widodo ប្រធានាធិបតីឥណ្ឌូណេស៉ី ដែលប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយ។ កាលពីដើមឆ្នាំនេះ អតីតរដ្ឋមន្រ្តីក្រសួងទំនាក់ទំនងម្នាក់ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ ឆ្នាំពីបទពុករលួយ។ ដោយឡែក រដ្ឋមន្ត្រីសង្គមកិច្ច និងជលផលរបស់លោក Jokowi ត្រូវបានជាប់ពន្ធនាគារក្នុងឆ្នាំ ២០២១៕