(វ៉ាស៉ីនតោន)៖ នាយករដ្ឋមន្រ្តីលោកអង់គ្លេស លោក Keir Starmer នឹងប្រាប់ដល់មេដឹកនាំនៃប្រទេសជាសមាជិកអង្គការណាតូ (NATO) នៅថ្ងៃព្រហស្បតិ៍នេះថា ត្រូវតែបញ្ជូនសារច្បាស់លាស់មួយទៅកាន់ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៉ីអំពី ការរួបរួមគ្នាគាំទ្រអ៊ុយក្រែន ហើយប្តេជ្ញាផ្តល់កញ្ចប់ជំនួយយោធាចំនួន ៣ពាន់លានផោន ឬស្មើនឹង ៣.៩ពាន់លានដុល្លារ សម្រាប់ទីក្រុងកៀវ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ ២០២៤។
លោក Starmer នឹងគូសបញ្ជាក់ថា «NATO ត្រូវបានបង្កើតឡើងដោយមនុស្សជំនាន់ ដែលបានកម្ចាត់របបហ្វាស៉ីស (fascism)។ យើងយល់យ៉ាងច្បាស់ ដោយមិនត្រឹមតែទៅលើការលះបង់កម្លាំងប៉ុណ្ណោះទេ ប៉ុន្តែគឺតម្លៃនៃការលះបង់។ ការលះបង់នេះ ស្ថិតក្រោមការបំពានម្តងហើយម្តងទៀត។ លោក ពូទីន ត្រូវតែបានឮនូវសារមួយយ៉ាងច្បាស់ពីកិច្ចប្រជុំកំពូលនេះ នោះគឺជាសារនៃការរួបរួម ប្ដេជ្ញាចិត្តថាយើងនឹងគាំទ្រអ៊ុយក្រែនតាមតម្រូវការ»។
គួរបញ្ជាក់ថា នៅក្នុងការចូលកិច្ចប្រជុំជាលក្ខណៈអន្តរជាតិលើកដំបូង បន្ទាប់ពីបានក្លាយជានាយករដ្ឋមន្រ្តីអង់គ្លេស លោក Starmer ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់បណ្តាមេដឹកនាំណាតូ។ ក្រោយកាន់តំណែងបានប៉ុន្មានថ្ងៃ លោក Starmer សន្យាផ្តល់ជំនួយយោធាចំនួន ៣ពាន់លានផោន ស្មើនឹង ៣.៩ពាន់លានដុល្លារ ក្នុងមួយឆ្នាំដល់អ៊ុយក្រែនរហូតដល់ឆ្នាំ ២០៣០-២០៣១ និងលើសពីនេះប្រសិនបើចាំបាច់៕