(វ៉ាសូវី)៖ ប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសប៉ូឡូញ បាននិយាយថា ប៉ូឡូញចាំបាច់ត្រូវតែត្រៀមលក្ខណៈកងទ័ពរបស់ខ្លួន សម្រាប់ការផ្ទុះជម្លោះទ្រង់ទ្រាយធំ ស្របពេលដែលប្រទេសអឺរ៉ុបមួយនេះ បាននិងកំពុងបង្កើនចំនួនកងទ័ពឈរជើង នៅតាមតំបន់ព្រំប្រទល់ជាប់រុស្ស៉ីនិងបេឡារុស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០២៤។
ទំនាក់ទំនងរបស់ប៉ូឡូញជាមួយរុស្ស៉ី ហើយនិងសម្ព័ន្ធមិត្តរបស់រុស្ស៉ីគឺបេឡារុស បានធ្លាក់ចុះដុនដាបយ៉ាងខ្លាំង ចាប់តាំងពីរុស្ស៉ីបានបញ្ជូនកងទ័ព ចូលឈ្លានពានប្រទេសជិតខាងខ្លួនគឺអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤មក ហើយសង្រ្គាមនោះកំពុងបន្តអូសបន្លាយមកទល់បច្ចុប្បន្ន។
ប្រមុខយោធាប៉ូឡូញ លោក Wieslaw Kukula បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយដូច្នេះថា «សព្វថ្ងៃនេះ យើងចាំបាច់ត្រូវត្រៀមលក្ខណៈកងកម្លាំងរបស់យើង សម្រាប់ជម្លោះទ្រង់ទ្រាយធំ»។ ក្នុងព្រឹត្តិការណ៍ដដែលនោះ អនុរដ្ឋមន្រ្តីការពារជាតិប៉ូឡូញ លោក Pawel Bejda បានលើកឡើងថា គិតត្រឹមខែសីហាខាងមុខ ចំនួនកងទ័ពដែលការពារព្រំប្រទល់ភាគខាងកើតរបស់ប៉ូឡូញ គឺនឹងកើនដល់៨,០០០នាក់ ខណៈបច្ចុប្បន្នមាន ៦,០០០នាក់។ បន្ថែមពីនេះ នៅមានកងទ័ពជំនួយប្រមាណជា៩,០០០នាក់ទៀត ដែលអាចត្រូវដាក់ពង្រាយបានភ្លាមៗ ក្នុងរយៈពេល៤៨ម៉ោង។
គួរបញ្ជាក់ថា កាលពីខែឧសភា ឆ្នាំនេះ ប៉ូឡូញបានប្រកាសព័ត៌មានលម្អិត ពាក់ព័ន្ធគម្រោងហៅថា «ខែលភាគខាងកើត» ជាកម្មវិធីមានទំហំថវិកា ២.៥ពាន់លានដុល្លារ ដើម្បីពង្រឹងកិច្ចការពារនៅតាមបណ្តោយព្រំដែនរបស់ខ្លួន ជាប់ជាមួយបេឡារុសនិងរុស្ស៉ី ហើយប៉ូឡូញគ្រោងនឹងសម្រេចផែនការនោះ ឱ្យបាននៅត្រឹមឆ្នាំ២០២៨។ ក្នុងឆ្នាំ២០២៤នេះ ទីក្រុងវ៉ាសូវីបានបង្កើន ការចំណាយលើវិស័យការពារជាតិ ឡើងដល់ជាង៤ភាគរយ នៃទិន្នផលសេដ្ឋកិច្ចរបស់ខ្លួន ជាការឆ្លើយតបចំពោះសង្រ្គាមឈ្លានពានរបស់រុស្ស៉ី នៅអ៊ុយក្រែន៕